(វៀងចន្ទន៍)៖ លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលជួបពិភាក្សាការងារជាមួយលោក Monexay LAOMOAXONG ប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តឡាវ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅប្រទេសឡាវ។

លោកប្រធានគណៈប្រចាំការ បានថ្លែងអំណរគុណជូនចំពោះប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងសហការី ដែលបានអនុញ្ញាតដល់គណប្រតិភូយើងខ្ញុំបានជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរពីសម្តេចធិបតី ជូនដល់ឯកឧត្តម និងសហការីទាំងអស់ នៃសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ សូមទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញភារកិច្ចជូនគណបក្ស និងជាតិមាតុភូមិ។​ 

ជាមួយគ្នានេះ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោកប្រធានគណៈប្រចាំការ ក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម និងសហការីទាំងអស់ ដែលបានរៀបចំ​ដំណើរទស្សនកិច្ច​ជាផ្លូវការដល់គណប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សទាំងពីរ រហូតឈានដល់ការឯកភាព និងចុះហត្ថលេខារួមគ្នានៅចំពោះមុខថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរនាពេលខាងមុខនេះ និងក៏សូមថ្លែងអំណរគុណរបស់ក្រុមការងារចំពោះកិច្ចនៃយុវជនថ្នាក់កណ្តាល និងក្រុមការងាររបស់សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវដែលបានខិតខំពិភាក្សាគ្នាស្វែងរកចំនុចរួមគ្នាលើខ្លឹមសារ ឈានដល់ការព្រមព្រៀងឯកភាពគ្នាទាំងស្រុង។

លោកប្រធានគណៈប្រចាំការ ក៏បានសម្ដែងការសង្ឃឹម និងរំពឹងទុកដោយជឿជាក់ថា បន្ទាប់ពីអនុស្សរណៈយោគយល់គ្នានៃយុវជនគណបក្សទាំងពីរត្រូវបានចុះហត្ថលេខា កិច្ចសហប្រតិបត្តិការនៃយុវជនគណបក្សទាំងពីរ នឹងត្រូវបានពង្រីកលើគ្រប់វិស័យជាបន្តបន្ទាប់ថែមទៀត ដើម្បីរួមចំណែកពង្រឹងចំណងទាក់ទងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងគណបក្ស រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា ឡាវ ឲ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាលូតលាស់ឡើងជាលំដាប់៕