(ទីក្រុងតូក្យូ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ នៃទីស្តីការគណៈរដ្ឋមន្ត្រីជួបពិភាក្សាការងារជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន នៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។

ជាកិច្ចចាប់ផ្តើម លោក Hayashi Yoshimasa បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ព្រមទាំងបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយភាពស្វាហាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងកិច្ចការកែទម្រង់សំខាន់ៗ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុនលើគ្រប់វិស័យដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ជាការឆ្លើយតប លោក វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ចំពោះការរៀបចំឱ្យមានដំណើរទស្សនកិច្ចនេះឡើង ជូនដល់គណៈប្រតិភូនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ទន្ទឹមនេះ លោក វង្សី វិស្សុត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់លោក Shigeru Ishiba នាយករដ្ឋមន្ត្រី ជប៉ុនតាមរយៈ លោក Hayashi Yoshimasa។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នោះផងដែរ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននឹងកំពុងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនិងភាពជាដៃគូល្អជាមួយគ្រប់បណ្ដាប្រទេស ជាពិសេស ការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យអោយកាន់តែស្អិតរមួតរវាងបណ្ដាប្រទេសជាមិត្ត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ជប៉ុនជាមិត្តដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការរឹងមាំ ហើយព្រមទាំងរំលឹកឡើងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសាង និងស្ដារនីតិសម្បទាកម្ពុជា តាំងពីដំណាក់កាលដំបូងនៃការកសាងសន្តិភាព រហូតមកដល់ដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជា។

ជាក់ស្ដែង កិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន ក្នុងរយៈពេលជិត ៤ ទសវត្សរ៍មកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្រោមក្របខ័ណ្ឌនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុន ដែលបាននាំមកនូវភាពជោគជ័យ ក្នុងការអភិវឌ្ឍនៃវិស័យសំខាន់ៗរបស់កម្ពុជាជាអាទិ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ វិស័យអប់រំ វិស័យសុខាភិបាល វិស័យភស្តុភារកម្ម វិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជកម្ម។ល។

ជាពិសេស សមិទ្ធផលដែលលេចធ្លោសំខាន់ៗ រូមមាន គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប, ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងការចែករំលែកបទពិសោធរបស់កម្ពុជា និងជប៉ុនលើវិស័យបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបុព្វហេតុមនុស្សធម៌និងសន្តិភាពទាំងកម្រិតតំបន់និងពិភពលោក។

ជាទិសដៅទៅមុខ ក្នុងការបន្តគាំទ្រការអភិវឌ្ឍកម្ពុជាប្រកបដោយផ្លែផ្កា លោក Hayashi Yoshimasa បានបញ្ជាក់អំពីជំហរបស់រដ្ឋាភិបាលជប៉ុន និងលើកឡើងពីការប្ដេជ្ញាចិត្ត របស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលកម្ពុជា តាមរយៈការត្រៀមខ្លួនជាស្រេច ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ជាពិសេស ការអនុវត្តការដ្ឋានការងារក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច ច្បាប់ ទូរគមនាគមន៍និងឌីជីថល និងការអភិវឌ្ឍប្រព័ន្ធសេវា ៥G នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឲ្យមានការបន្តពង្រឹងយន្តការ ភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងលើកទឹកចិត្តវិនិយោគិនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋាន នៃការកសាងសង្គម សេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនេះផងដែរ លោក វង្សី វិស្សុត និងលោក Hayashi Yoshimasa បានបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សដែលមិនអាចប៉ាន់ប្រមាណបាន រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុននឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយលើកកម្ពស់សន្តិភាពលើកកម្ពស់ពហុភាគីនិយម ការពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិ និងជាពិសេសការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់និងសកល ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ហិរញវត្ថុ និងសង្គម។ ជារួម កម្ពុជា និងជប៉ុនមានគុណតម្លៃនិងទស្សនវិស័យរួម ក្នុងការរួមចំណែកលើកកម្ពស់ស្ថិរភាព និងសន្តិភាពតំបន់សកលសម្រាប់ការបន្តជំរុញកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា នាថ្ងៃដដែលនេះផងដែរ លោក វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារជាមួយ លោក Kiuchi Minoru រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសន្តិសុខសេដ្ឋកិច្ច, លោក Miyaji Takuma អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, និងលោក Tanaka Akihiko ប្រធានJICA ដោយបានផ្លាស់ប្តូរបទពិសោធនលើប្រធានបទផ្សេងទៀតផងដែរ ដើម្បីពង្រឹងកិច្ចសហការលើវិស័យពាក់ព័ន្ធ ជាពិសេសការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងទំនាក់ទំនងប្រជាជននិងប្រជាជន៕