Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការទី៨ ព្រឹទ្ធសភា ចុះឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធវិស័យទាំង៤របស់គណៈកម្មការទី៨ នៅខេត្តរតនគិរី

05-02-2025 14:33

(រតនគិរី)៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកស្រី មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី។

ជំនួបនេះធ្វើឡើងនៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ព្រមទាំងអភិបាលរង និងមន្ទីរជំនាញ រួមមាន៖ មន្ទីរកិច្ចការនារី មន្ទីសុខាភិបាល មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សាខាប.ស.ស។

លោកស្រី មាន សំអាន បានលើកឡើង គោលបំណងនៃជំនួប គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ព្រមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ។

លោកស្រីក៏បានស្នើឲ្យអាជ្ញាធរខេត្តរតនគិរី រួមនឹងមន្ទីរពាក់ព័ន្ធលើកឡើងនូវបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋានដើម្បីឲ្យគណៈកម្មការទី៨ព្រឹទ្ធសភា រិះរកមធ្យោបាយដោះស្រាយ និងធ្វើជារបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា ដើម្បីរកវិធីសាស្ត្រ និងស្វែងរកដំណោះស្រាយជូន។

នៅក្នុងឱកាសនេះ លោក ខ័ណ្ឌ ចំណាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រី មាន សំអាន ប្រធានគណៈកម្មាការទី៨ នៃព្រឹទ្ធសភា ដែលបានអញ្ជើញមក បំពេញបេសកកម្មនៅលើទឹកដីខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តច្បាប់ និងការងារពាក់ព័ន្ធវិស័យ ទាំងបួនរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា។ នេះគឺជាការជំរុញលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារ តួនាទី និងភារកិច្ច ស្របតាមច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាដែល ចូលជាធរមាន សំដៅសម្រេចបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

លោក ខ័ណ្ឌ ចំណាន ក៏បានជម្រាបជូនគណៈកម្មការទី៨ នៃព្រឹទ្ធសភាថា ក្នុងរយៈកាលកន្លងមកនេះថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយថ្មីៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតសំខាន់លើរបៀបវារៈធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ បម្រើប្រជាពលរដ្ឋ ពង្រឹងអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារ និងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវិវត្ត នៃភាពជឿនលឿនរបស់សង្គមជាតិក្នុងយុគសម័យឌីជីថល៕