(សៀមរាប)៖ អ្នកជំនាញផ្នែកធនធានទឹក និងវិស័យជលផលពីមកប្រទេសអូស្ត្រាលី បណ្តាលប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសផ្សេងៗមួយចំនួនទៀត បានចូលរួមក្នុង «សន្និសីទលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគ្គងក្រោម» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២៥ ក្នុងខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ដឺរីក យីប ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ, លោកសាស្ត្រាចារ្យ Lee Baumgartner នៃសាកលវិទ្យាល័យ Charles Sturt (CSU) ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលខេត្តសៀមរាប ព្រមទាំងភ្ញៀវអន្តរជាតិជាច្រើនរូបទៀត។

សន្និសីទនេះទទួលបានការគាំទ្រពីកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ដែលអនុវត្តដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT)។ ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងជជែកពិភាក្សាដោះស្រាយបញ្ហាប្រឈម បន្ទាន់ៗជាច្រើនដែលទន្លេមេគង្គកំពុងជួបប្រទេះ។ ប្រធានបទដែលទាក់ទង និងការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពរួម និងការអភិរក្សបរិស្ថានក៏នឹងត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទផងដែរ។

អាងទន្លេមេគង្គកំពុងប្រឈមមុខបញ្ហាជាច្រើនដោយសារតែការពង្រីកគម្រោងធារាសាស្ត្រ។ សំណង់ទាំងអស់នេះធ្វើឱ្យមានផលរំខានដល់បម្លាស់ទីរបស់ពូជត្រីក្នុងស្រុក និងជីវចម្រុះ។ អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ACIAR បានផ្តល់ការគាំទ្រដល់សាកលវិទ្យាល័យ Charles Sturt ដោយមានការសហការជាមួយ ស្ថាប័នរបស់រដ្ឋាភិបាលជាដៃគូនៅក្នុងតំបន់មេគង្គ ដើម្បីជួយស្តាពូត្រីក្នុងស្រុកឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះរួមបញ្ចូលទាំងការអភិវឌ្ឍផ្លូវត្រី ដែលត្រូវបានគេស្គាល់ជាទូទៅថា «ជណ្ដើរត្រី»។

កន្លងមកជណ្ដើរត្រីចំនួន ៨កន្លែង ត្រូវបានសាងសង់នៅក្នុងប្រទេសកម្ពុជា និងឡាវតាមរយ:ការគំាទ្ររបស់ ACIAR។ ជណ្ដើរត្រីទាំងនេះបានជួយសម្រួលឱ្យ ពូជត្រីទឹកសាបក្នុងស្រុក ហែលឆ្លងកាត់របាំងឧបសគ្គដែលរួមមានដូចជា ទំនប់និង ទ្វារទឹក។ «ជណ្ដើរត្រី» បានជួយសម្រួលការបម្លាស់ទីពូជត្រីក្នុងស្រុក ទៅកាន់ទីតាំងរកចំណី បង្កាត់ពូជ និងបង្កើតកូន។ ការបម្លាស់ទីរបស់ត្រីទាំងនេះមានសារៈសំខាន់ខ្លំាងណាស់ សម្រាប់ប្រជាជននៅសហគមន៍ដាច់ស្រយាលដែលពួកគាត់ពឹងផ្អែកយ៉ាងខ្លាំងទៅលើត្រីសម្រាប់ជាអាហារូបត្ថម្ភ និងសន្តិសុខប្រាក់ចំណូល។

លោកសាស្ត្រាចារ្យ Lee Baumgartner នៃសាកលវិទ្យាល័យ Charles Sturt (CSU) ដែលបានដឹកនាំកិច្ចការងារស្រាវជ្រាវដែលទទួលមូលនិធិពី ACIAR ចាប់តាំងពីឆ្នាំ២០១០ បានថ្លែងថា៖ «ជាងពេលណាៗទាំងអស់ តុល្យភាពរវាងតម្រូវការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពដោយរួមបញ្ចូលការគិតគូរពីសុខមាលភាពនៃប្រព័ន្ធអេកូឡូស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ អាងទន្លេមេគង្គ»។ «សន្និសីទនេះផ្តល់ឱ្យយើង ជាឱកាសសម្រាប់ការសហការ ការចែករំលែកចំណះដឹង ដើម្បីពង្រឹងភាពជាដៃគូក្នុងការធានាសន្តិសុខស្បៀង និងជួយជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ដែលកំពុងពឹងផ្អែកលើទន្លេមេគង្គ»

សន្និសីទនេះក៏នឹងរួមចំណែកដល់ការពង្រីកបច្ចេកវិទ្យាដែលប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាដៃគូនិងការវិនិយោគរួមគ្នាដែលជាដោះស្រាយសម្រាប់បញ្ហាប្រឈមរួម។ ACIAR កំពុងធ្វើការសម្របសម្រួលពង្រីកទំហំការងារនេះបន្ថែមលើសពីប្រទេសមេគង្គ។ជាក់ស្តែងនៅខែក្នុងមេសាឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីនឹងបើកការសាងសង់ជណ្តើរត្រីថ្មីមួយនៅជិត ទីក្រុងហ្សាកាតានៅទំនប់ Kertamukti ហើយនេះគឺជាការ ផ្នែកមួយនៃការអនុវត្តគោលនយោបាយប្រកបដោយចីរភាព។

លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិនៃ ACIAR គូសបញ្ជាក់ថា៖ «តាមរយៈការរួមបញ្ចូលជណ្តើរត្រីទៅក្នុងផែនការថ្នាក់តំបន់ យើងអាចការពារការខូចខាតប្រព័ន្ធ អេកូឡូស៊ីនៅទូទាំងអាងទន្លេមេគង្គក្រោម ជួយការពារវិស័យជលផលដែលមានសារ:សំខាន់ដ៏ចាំបាច់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងជួយពង្រឹងភាពធន់របស់ សហគមន៍ និងនិរន្តរភាពរបស់បរិស្ថាន»

លោក ឃុន សាវឿន ជឿជាក់ថាសន្និសីទនឹងទទួលបានផ្លែផ្កា តាមគោលបំណងដែលបានគ្រោងទុកសំដៅបង្កើនកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តរវិស័យរវាងរាជរដ្ឋាភិបាលផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសការឆ្លើយតបទាន់ពេលវេលា ដើម្បីផ្តល់ឱកាសដល់អ្នករៀបចំ គោលនយោបាយជលផល មន្ត្រីជំនាញ ព្រមទាំងអ្នកស្រាវជ្រាវចម្រុះសំដៅលើធនធានត្រីនិងវារីជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការរួមមានអភិវឌ្ឍន៍ធនធានទឹកវិស័យរ៉ែ និងថាមពល វិស័យសាធារណការដឹកជញ្ជូន និងអភិវឌ្ឍន៍ជនបទ ដែលទាក់ទងនឹងការកសាងធនធានមនុស្ស និងពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេសវិទ្យាសាស្ត្រជលផល វិស្វករធារាសាស្ត្រ វិស្វករផ្លូវជនបទស្ពានថ្នល់ វិទ្យាសាស្រ្តបរិស្ថាន ថ្នាក់ដឹកនាំជាន់ខ្ពស់កំរិតជំនាញ និងគោលនយោបាយ ព្រមទាំងផែនការក្នុងតំបន់ និងអ្នកពាក់ព័ន្ធទាំងអស់ បានជួបជុំគ្នាធ្វើការ ពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងបង្កើនចំណេះដឹងឱ្យកាន់តែរឹងមាំដើម្បីឈានទៅដល់ការធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវធនធានជលផល សន្តិសុខស្បៀងក្នុងតំបន់មេគង្គ និងតំបន់អាស៊ីអាគ្នេយ៍ ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។

ក្នុងន័យនេះលោកសូមឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញ និងទទួលការចែករំលែកបទពិសោធន៍ពីអ្នកជំនាញដើម្បីឱ្យយល់ដឹងកាន់តែច្បាស់យកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ក្នុងសង្គមជាតិ នៃប្រទេសរបស់ខ្លួន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសអូស្រ្តាលី ក៏ដូចជាប្រជាជនអូស្ត្រាលី ដែលបានជួយសាងសង់ជណ្តើរត្រីបង្ហាញចំនួន០៦ ដល់កម្ពុជាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្នុងនោះមានជណ្តើរត្រី បង្ហាញចល័តចំនួន១ ជណ្តើរត្រី បង្ហាញខ្នាតមធ្យមនៅ Angkor Wildlife and Aquarium ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញជូនដល់សាធារណៈជនជាតិ និងអន្តរជាតិ បានទស្សនាស្វែងយល់ពីតួនាទីជណ្តើរត្រីក្នុងការគ្រប់គ្រងទន្លេ និងធនធានជលផលថែមទៀត។

រីឯជណ្ដើរត្រីទី១ និងជណ្ដើរត្រីទី២ បានសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ស្ថិតនៅទំនប់ស្លែង (ជណ្ដើរត្រីភ្លោះ) ក្នុងភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជណ្ដើរត្រីទី៣ស្ថិតនៅទំនប់ ស្វាយចេក ក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជណ្តើរត្រីទី៤ ស្ថិតនៅខេត្តកំពង់ស្ពឺ បាននឹងកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។

កិច្ចសហការក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលសម្របសម្រួលដោយ ACIAR និង CSU បានជួយពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវក្នុងតំបន់ និងផ្តល់ការយល់ដឹងអំពីការស្រាវជ្រាវដ៏មានតម្លៃ។ កត្តានេះបានជួយធ្វើឱ្យភាគីពាក់ព័ន្ធអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង ជួយជំរុញឱ្យទទួលបានលទ្ធផលជាវិជ្ជមាន និងផ្តល់ផលប្រយោជន៏រយៈយូរអង្វែង ដល់វិស័យជលផលក្នុងស្រុក ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍសេដ្ឋកិច្ច៕