(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក ចូសិហ្វ ស៊ូអឺ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតីជួបសំណេះសំណាល ​និងជូនដំណើរកងរាជអាវុធហត្ថលេខ៨៧២ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS) កងវិស្វកម្មពហុជំនាញលេខ៨៦៣ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋលីបង់ (UNIFIL) និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨ទី៣ ចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ពិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកស្រី អស់លោក ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នាយទាហាន នាយទាហានរងពលទាហាននៃកងរាជ​អាវុធហត្ថលេខ ៨៧២ កងវិស្វកម្មពហុជំនាញលេខ៨៦៣ និងកងកម្ទេចគ្រឿងផ្ទះលេខ៩៨ ជាច្រើននាក់។

នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងយកចិត្តទុកដាក់​ខ្ពស់ដល់កងកម្លាំងរក្សាសន្តិភាព និងចំពោះកិច្ចការបញ្ជូនកម្លាំងចេញទៅរក្សាសន្តិភាពនៅបណ្តាប្រទេសនានា។ លោកក៏សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មាធិការជាតិ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងក្រុមការងារគ្រប់ស្ថាប័ន ដែលបានយកចិត្តទុកដាក់អនុវត្តការងារវិស័យរក្សា សន្តិភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជាដរាបរៀងមក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា អស់រយៈពេល១៩ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាម វាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាលឱ្យបាត់បង់ជីវិត និងពិការជាច្រើននាក់។ លោកបានកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងធំធេងចំពោះពលីកម្មរបស់កម្លាំងកម្ពុជា ដើម្បីបុព្វហេតុសន្តិសុខ និងសន្តិភាពអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែមរណភាព និងពលិកម្មរបស់កម្លាំងនេះ ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។

ជាក់ស្តែងថ្ងៃនេះកម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន ៣កង ទៅបំពេញបេសកកម្មនៅសាធារណ រដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្វ្រិកកណ្តាល ទោះបីការបំពេញបេសកកម្មនេះ អាចជួបប្រទះការរីករាលដាលនៃអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការរស់នៅនិងការបំពេញការងារប្រចាំថ្ងៃរបស់បងប្អូនក៏ដោយ ប៉ុន្តែកងកម្លាំងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុតដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ដែរថា តាមសំណើអង្គការសហប្រជាជាតិ លោកបានចុះហត្ថលេខាគាំទ្រគម្រោងទស្សនកិច្ចវាយតម្លៃ និងប្រឹក្សាដើម្បីរក្សាកម្រិត២ របស់កងរាជអាវុធហត្ថ និងកងវិស្វ កម្មកម្ពុជាក្នុងប្រព័ន្ធត្រៀមជាស្រេចសមត្ថភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PCRS) នៅកម្ពុជាកាលពីថ្មីៗកន្លងទៅ ដើម្បីអនុញ្ញាតឱ្យកម្លាំងកម្ពុជាអាចពង្រាយបានក្នុងរយៈពេល៩០ ថ្ងៃ ពេលមានសំណើណាមួយរបស់អង្គការសហប្រជាជាតិ។ ជាតួលេខជាក់ស្តែងក្នុងប្រព័ន្ធត្រៀមនេះ កម្ពុជាបានដាក់បញ្ចូលកងរាជអាវុធហត្ថ១កងអនុសេនាធំ(១១៩នាក់), កងវិស្វកម្មព្រលានយន្តហោះ ១កងអនុសេនាធំ (១២៩នាក់), កងស្ពានបណ្តែតទឹកនិងចល័តលើគោក១កងអនុសេនាធំ (១៩៤នាក់)។

ជាមួយគ្នានោះដែរដើម្បីជាទុនបន្ថែមសម្រាប់បំពេញភារកិច្ច នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលនឹងចេញបំពេញបេសកកម្មរក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ ចំនួន ៥ចំណុចដុចជា៖

* ទី១៖ ប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍ដែលជាបទបញ្ជា ៤ចំណុច របស់ថ្នាក់ដឹកនាំកំពូលនៃយើង ដែលបានលើកឡើងក្នុងពិធីសំណេះសំណាលជូនដំណើរកងអនុសេនាធំ លេខ១៣៥ ចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កន្លងទៅ។

* ទី២៖ គោរពវិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជាស្វែងយល់ពីរបៀបរបបធ្វើការរបស់ អង្គការសហប្រជាជាតិ និងរក្សាភាពថ្លៃថ្នូរកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ និងប្រទេសជាតិ។ រៀនសូត្រដកពិសោធន៍ ប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពដើម្បីឆ្លើយតបបេសកកម្មរបស់ខ្លួន ដែលអាចមានការ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន។

* ទី៣៖ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព ស្រឡាញ់គ្នា និងជួយថែរក្សាគ្នាទៅវិញទៅមក សំដៅសម្រេចបានភារកិច្ច។ ខិតខំសិក្សារៀនសូត្រភាសាបរទេសបន្ថែម ដើម្បីងាយស្រួលទំនាក់ទំនងជាមួយ សហការីសហប្រជាជាតិ និងប្រជាជននៃប្រទេសដែលយើងបោះទីតាំង ។

* ទី៤៖ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ ពីស្ថានភាពភូមិសាស្ត្រនយោបាយសង្គម ការប្រឈម ទាំងឡាយនៃបេសកកម្ម យកចិត្តទុកដាក់ក្នុងការរៀបចំកម្លាំង និងប្រុងប្រយ័ត្នជានិច្ច ចំពោះគ្រោះថ្នាក់ គ្រប់ប្រភេទ ដែលអាចកើតឡើងដោយការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា ដោយការវាយប្រហារពួន ស្នាក់ ឬគ្រោះធម្មជាតិ និងជំងឺឆ្លងផ្សេងៗ។

* ទី៥៖ ទំនាក់ទំនងល្អជាមួយប្រទេស ជាមួយប្រជាជន គោរពទំនៀមទំលាប់ និងចេះជួយប្រជាជននៅទីកន្លែង ដែលកងកម្លាំងយើងបំពេញប្រតិបត្តិការដូចជា ជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ គុណធម៌ ស័ក្តិសមជាកងយោធពលខេមរភូមិន្ទ ដែលកើតចេញពីប្រជាជន ធ្វើអ្វីដើម្បីប្រជាជន៕