(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារប្រសិទ្ធពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេច ក្នុងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងសារលិខិតនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលបានប្រសិទ្ធពរជ័យជូន ខ្ញុំប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពាក្យ ពេចន៍ប្រកបដោយអត្ថន័យដ៏កក់ក្តៅ និងសព្ទសាធុការពរជ័យដល់រូបខ្ញុំ និងភរិយា ក្នុងឱកាសខួបកំណើតរបស់ខ្ញុំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ខ្ញុំសូមថ្លែងនូវអំណរគុណ ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តស្រឡាញ់រាប់អានដ៏កក់ក្ដៅរបស់ សម្ដេចអគ្គមហាបតីតេជោ ចំពោះរូបខ្ញុំ និងភរិយា។ ហើយព្រមជាមួយនេះដែរ និងតបចំពោះសមានចិត្តដ៏ថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក សូម ជួយបីបាច់រក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការដល់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបាន ប្រកបនឹងព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវការគោរព រាប់អានដ៏ស្មោះស្ម័គ្រ អំពីខ្ញុំ និងភរិយា»៕