(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យព្រះរាជទាន ព្រះរាជសារលិខិតប្រសិទ្ធពរជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេច ក្នុងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងសារលិខិតនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា ដោយបានទទួលរួចហើយនូវព្រះរាជសារលិខិត ប្រទានពរប្រកបដោយពាក្យពេចន៍ អត្ថន័យ ខ្លឹមសារយ៉ាងកក់ក្តៅបំផុត រួមជាមួយកន្ត្រកផ្កាដ៏ស្រស់ស្អាតរបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រោសព្រះរាជទានដល់ ទូលព្រះបង្គំ ក្នុងឱកាសចម្រើនជន្មាយុ។

ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកអញ្ជលីប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះរាជតេជៈបារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ សូមតាមជួយបីបាច់រក្សា និងអភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យ ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខ ភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះរាជជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដឹកនាំ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជូនជាតិមាតុភូមិអង្គរ ដ៏បវររុងរឿង។

សូម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ បំផុតពីទូលព្រះបង្គំជាខ្ញុំ»៕