(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យ​ឧស្សាហ​កម្ម​​ផលិត និងចែកចាយម៉ូតូ ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមួយក្នុង​ចំណោមក្រុមហ៊ុនដ៏ធំ និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេច​ម៉ាក​ហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ ជាមួយកំណើនយ៉ាងឆាប់រហ័ស​នៃតម្រូវការរបស់អតិថិជន ប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រ ក្រុមហ៊ុន​បានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩។

ច្រវាក់ផលិតកម្មខ្នាតតូចនេះហើយ គឺជាការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុន អិន ស៊ី អិច ពីការនាំចូលមកជាការដំឡើងម៉ូតូដោយខ្លួនឯង​ក្នុងទម្រង់ពាក់​កណ្តាលសម្រេច (IKD)។ ក្នុងឆ្នាំ២០០៤ ក្រុមហ៊ុនបានពង្រីកប្រតិបត្តិការ​របស់ខ្លួនជាមួយខ្សែច្រវាក់ផលិតកម្មធំជាងមុន ដោយការបង្កើន​សមត្ថ​ភាព​ផលិតទាំងក្នុងទម្រង់ពាក់កណ្តាលសម្រេច (IKD) និងពាក់កណ្តាល​សម្រេច​១ (IKD1)។

បច្ចុប្បន្ននេះ អិន ស៊ី អិច មិនត្រឹមតែមានសមត្ថភាពក្នុងការដំឡើងម៉ូតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាប់ផ្តើមផលិតគ្រឿងបន្លាស់​ម៉ូតូសំខាន់ៗក្រោមប្រព័ន្ធកម្រិតខ្ពស់ ( IKD1.5)ផងដែរ។

ក្រុមហ៊ុន បានប្រើប្រាស់បុគ្គលិកកម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់​ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិកកម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។

ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជា​ទៅកាន់ប្រទេសថៃជាដើម។

រីឯលក្ខខ័ណ្ឌការងារ គឺអនុវត្តន៍ទៅតាមច្បាប់ការងារ និងរក្សាបានបរិយាកាសការងារល្អ រួមទាំងសុវត្ថិភាពការងារ និងអនាម័យសំដៅធានានូវសុខភាព របស់បុគ្គលិកកម្មករបានល្អប្រសើរ។ ចំពោះប្រាក់បៀវត្ស ក៏មានលក្ខណៈសមរមស្របតាមស្ថានភាពសេដ្ឋកិច្ច និងការរស់នៅប្រចាំថ្ងៃផងដែរ។

លើសពីនេះ រោងចក្រក៏មានរៀបចំកន្លែងចម្រុះទឹកកខ្វក់​ឱ្យទៅជាទឹក​ស្អាត មុនបង្ហូរចេញទៅលូសាធារណៈ ដើម្បីចូលរួមការពារបរិស្ថានឱ្យ​បាន​ល្អ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការជាមួយការដំឡើងម៉ូតូបាន​៥០គ្រឿង​ក្នុង​មួយវេននៅឆ្នាំ១៩៩៩ កើនឡើងដល់ប្រមាណ ៨០០គ្រឿងក្នុងមួយវេន នៅ​ឆ្នាំ២០១៥។

យោងតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ បុគ្គលិកជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ចំនួននេះ មានការកើនឡើងប្រមាណពី១៧ភាគរយ ទៅ២០ភាគរយ ធៀបនឹងឆ្នាំ២០២៣។

ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុន​បាន​ផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែល​សុទ្ធ​សឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក៕