(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ហិរញ្ញប្បទាន បង្កើតឲ្យមានការរីកចម្រើន និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ។

ជាក់ស្តែង​បេីពិនិត្យមើលទំហំផលិតកម្មស្រូវ​ និងតម្លៃស្រូវក្នុង និងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃេីញថា តម្លៃស្រូវ និងអង្កររបស់កម្ពុជាយើងមានស្ថិរភាព​ និងកើនឡើងជាបន្តបន្ទាប់​ជាមួយគ្នានោះ​ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦​ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤​។

លោកបន្តថា ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ បង្ហាញថា​ ទុនពិសេសដែលញ្ចេញដេីម្បីស្ថិរភាពថ្លៃ​ និងលំនឹងជីវភាពរបស់ប្រជាកសិករ​ ពិតជាមានប្រសិទ្ធភាពខ្ពស់​ ព្រោះថា​ ប្រសិនបេីតម្លៃស្រូវមិនមានស្ថិរភាព​ ឬចុះថោកនោះ​កសិករខ្មែរ​នឹងមិនបង្កេីនការផលិតច្រេីនឡេីងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។

លោកអគ្គនាយកសង្កត់ធ្ងន់ថា «ប្រសិនស្រូវមានតម្លៃថោក​ ហេីយលក់មិនដាច់​ច្បាស់ណាស់កសិករនឹងឈប់ធ្វេីស្រែ​ ហេីយទៅស្វែងរកការងារធ្វេី​ នៅទីក្រុង​ ឬក្រៅប្រទេស​ ជាក់ជាមិនខាន​ ហេីយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦​ មកនៅក្រោម៩តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ​ នេះជាភាពឡូហ្សិច(Logic)»។

មបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនៃផលិតកម្មស្រូវនេះគឺទី១៖ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២៖ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។

សរុបជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ។ ហេីយការវិវត្តន៍ជាវិជ្ជមាននេះ​ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណេីនផ្នែកផលិតកម្មដែរ​ ដូចជាដំណាំចន្ទីរ ដំឡូងមី​ កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ​ វារីវប្បកម្ម ជាពិសេស​ វិស័យបន្លែ-ផ្លែឈេី​ មានការចម្រេីនយ៉ាងខ្លាំង​ បេីប្រៀបធៀបនឹងឆ្នាំ២០១៦៕