(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំដល់អាជ្ញាធរស្រុកបន្តាយអំពិល និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុក ត្រូវធ្វើការគិតគូអំពីប្រភពទឹក និងថែរក្សាទឹកនៅតាមអូរ បឹងបួរនានាឱ្យបានល្អ ទុកសម្រាប់បម្រើឱ្យការស្រោចស្រពដំណាំ និងស្រូវរបស់ប្រជាពលរដ្ឋនៅរដូវប្រាំងខាងមុខ ក្នុងករណីប្រឈមការខ្វះខាតទឹកប្រើប្រាស់។

ការថ្លែងណែនាំរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្លាំងប្រដាប់អាវុធ របស់រដ្ឋបាលស្រុកបន្ទាយអំពិល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងឱកាសនេះ លោកអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ដើម្បីឱ្យការដឹកនាំគ្រប់គ្រងនៅរដ្ឋបាលស្រុកបានល្អប្រសើរ អភិបាលស្រុកត្រូវដឹកនាំបែងចែកការងារ ដល់អភិបាលរងស្រុក នាយករដ្ឋបាល និងមន្ត្រីទាំងអស់ត្រូវពង្រឹងបន្ថែមលើរបៀបរបបការងារ និងធ្វើការតាមឋានានុក្រម សាម្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ គឺជាចំណុចសំខាន់ដែលមិនត្រូវមើលរំលងឡើយ។

ដោយឡែកចំពោះអធិការដ្ឋាននគរបាលស្រុក ក៏ត្រូវតែយកចិត្តទុកដាក់លើការងារ «ភូមិ-ឃុំមានសុវត្ថិភាព» យកចិត្តទុកដាក់លើបងប្អូនប្រជាការពារភូមិ ទប់ស្កាត់រាល់បទល្មើសគ្រប់រូបភាព ជាពិសេសបទល្មើសក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់ជាដើម។

លោក មាន ចាន់យ៉ា ក៏បានបញ្ជាក់ថា ដោយសាររដូវនេះជារដូវប្រាំង សូមអាជ្ញាធរស្រុក និងមន្ត្រីជំនាញក្ន្ងស្រុកបន្ទាយអំពិល ត្រូវគិតគូរអំពីប្រភពទឹក ថែរក្សាទឹក អូរ បឹងបួរ ដើម្បីយកទឹកស្រោចស្រពលើដំណាំស្រូវជូនដល់ពលរដ្ឋអោយបានទាន់ពេលវេលា។

ដោយឡែកលោក ញឺក កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅទូទាំងខេត្តឧត្តរមានជ័យ មកដល់ពេលនេះ មិនទាន់មានបញ្ហាប្រឈមនឹងការខ្វះខាតទឹកនោះទេ។ ប៉ុន្តែដោយអនុវត្តតាមការណែនាំពីលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ទីរបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីត្រៀមអន្តរាគមន៍ក្នុងករណីប្រជាពលរដ្ឋប្រឈមនឹងបញ្ហាខ្វះទឹក ពិសេសលើការស្រោចស្រពស្រូវរដូវប្រាំង៕