(ឧត្តរមានជ័យ)៖ សមិទ្ធផលជាច្រើនរបស់អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ដែលជាគម្រោង «លើកស្ទួយជីវភាព និងការកែលម្អ ស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ» ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លុវការ ក្រោមវត្តមានលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក ហ្គឺរីត កាស្ទ័រ (Gerrit Kasper) ប្រធានហរិញ្ញវត្ថុអង្គការហ្សូអាប្រចាំប្រទេសហូឡង់ ដោយមានការចូលរួមពីអជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្ន្ងឱកាសនេះលោក អឿន រតនា ប្រធានអង្គការCIDO បានលើកឡើងថាការបង្កើតនូវគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកបន្ទាយអំពិល» ក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព បង្កើនប្រាក់ចំណូល កែលម្អទឹកស្អាតចំនួន៤ភូមិ គឺ (ភូមិទទឹងថ្ងៃ ភូមិរស្មីសូភី ភូមិប្រាសាទល្បើក និងភូមិពោធិ៍ថ្មី) ស្ថិតក្នុងឃុំបេង និងជាពិសេសសកម្មភាពលើកកម្ពស់អនាម័យរបស់ប្រជាពលរដ្ឋចំនួន៩៨ភូមិ នៅក្នុងស្រុកបន្ទាយអំពិលទាំងមូល ដោយចំណាយថវិកាចំនួន៨១៣,៨៩៣ ដុល្លារអាមេរិក ដែលជាជំនួយពីមូលនិធិហ្វារ៉ូសប្រទេសហូឡង់។ ទស្សនៈវិស័យរបស់អង្គការស៊ីដូ គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបរស់នៅប្រកបដោយផលិតភាព និងសុខ ដុរមនា។
លោកស្រី មុំ ពុទ្ធីតា បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យមានប្រសិទ្ធិភាព និងសម្រេចឱ្យបាននូវទស្សនៈវិស័យឆ្នាំ២០២៥-២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់។
សមិទ្ធផលរបស់អង្គការដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះរួមមាន៖ ជួសជុលទំនប់ត្រពាំងព្រីង១ខ្សែ ប្រវែង១,០០០ម៉ែត្រ ,ជីកស្រះទឹកទំហំ២ហិកតា ១កន្លែង បណ្តោយ២០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និង ជម្រៅ៣ម៉ែត្រ ,ជីកប្រឡាយទឹក១ខ្សែ ប្រវែង២,៥០០ម៉ែត្រ ,សាងសង់សំណង់ស្ទាក់ទឹកចំនួន១កន្លែង,សាងសង់សាលារៀន១ខ្នង ចំនួន៦បន្ទប់,សាងសង់បាសាំងទឹកកម្ពស់៧ម៉ែត្រ ចំនួន១កន្លែងតម្លើងប្រព័ន្ធកែលម្អទឹក និងចម្រោះទឹក ចំនួន២ប្រព័ន្ធ (ស្ថិតក្នុងឃុំគោកខ្ពស់ និងឃុំបេង), តប្រព័ន្ធទុយោចែកចាយទឹកចំនួន៤ភូមិ ប្រវែងទុយោសរុប ២៧,៦០០ម៉ែត្រ (៤៥០គ្រួសារ), គាំទ្រសម្ភារសាងសង់បង្គន់អនាម័យ និងដំណើរការផ្ទៀងផ្ទាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ៩៨ភូមិក្នុងឃុំទាំង៤ នៃស្រុកបន្ទាយអំពិល,ផ្តល់ពូជស្រូវផ្ការំដួលចំនួន២១,៤០ តោន ដល់កសិករចំនួន៥៣៥គ្រួសារ,ផ្តល់ជីក្បាលក្របី (DAP) ចំនួន ២៦.៧៥តោន ដល់កសិករចំនួន៥៣៥គ្រួសារ, ផ្តល់ដើមទុនបង្កើតមុខរបរដល់កសិករចំនួន ១៥០គ្រួសារ៕