(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់វិទ្យាស្ថានសាធារណៈ ត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និង ប្រើប្រាស់ទិន្នន័យឱ្យអស់លទ្ធភាព នៅក្នុងបិរបទនៃសុខាភិបាលឌីជីថល ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពនៅកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ» ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលប្រព្រឹត្ដទៅនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២៣២នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១៥០នាក់ និងតាមប្រព័ន្ធនិមិ្មត ៨២នាក់។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលវិស័យទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជំរុញដល់វិទ្យាស្ថាន ត្រូវក្នុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដោយប្រកាន់យកភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការដើម្បីធានាឱ្យមាននិរន្តរភាពនៃសកម្មភាព ដែលមានផលជះជាវិជ្ជមានដល់ប្រពន្ធ័សុខាភិបាល និងស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រពន្ធ័សុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាពនៃឈ្មោះរបស់ខ្លួន។

ជាងនេះទៅទៀត ស្នើឱ្យវិទ្យាស្ថានគួរពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ជួយបណ្តុះបណ្តាល និងពង្រឹងការសិក្សាស្រាវជ្រាវនៅតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ហើយវិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវាមន្ទីរពិសោធន៍របស់ខ្លួន សម្រាប់ប្រើប្រាស់ឱ្យបានទូលំទូលាយក្នុងការងារកែលម្អគុណភាពសេវាមន្ទីរពិសោធន៍នៅទូទាំងប្រទេស។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក៏បានលើកទឹកចិត្ដដល់វិទ្យាស្ថានសុខភាពសាធារណៈ ត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និង គ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ ឈាង រ៉ា បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៏មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ សម្រាប់វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។

សូមជម្រាបថា ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕