(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៥៨នាក់ ក្រោមប្រធានបទ «ការធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរបស់យើងអភិវឌ្ឍជឿនលឿន» ។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងអនុញ្ញាតឱ្យសិក្ខាកាម មានមតិលើកជាសំនួរ ឬសំណូមពរ ដែលបានជួបប្រទះកំឡុងពេលអនុវត្តការងារកន្លងមក សម្រាប់លើកយកមកពិភាក្សា ក៏ដូចជាការប្រមូលធាតុចូលសម្រាប់ផ្តល់ជូនលោកសាស្រ្តាចារ្យ ងាយស្រួលក្នុងការតម្រង់ទិសឱ្យត្រឹមត្រូវ តាមរយៈការលើកយកប្រធានបទក្នុងការធ្វើបឋកថា។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចសំខាន់ៗ ចំនួន៧ ដែលមានភាពចាំបាច់ក្នុងការអភិវឌ្ឍន៍អង្គភាព ឱ្យមានភាពជឿនលឿន ដែលចំនុចសំខាន់ៗ នោះរួមមាន៖
១៖ សិក្សាស្វែងពីស្ថានភាពពិតរបស់អង្គភាព មន្រ្តីគ្រប់កំរិត និងធនធានឱ្យបានច្បាស់លាស់
២៖ ស្វែងរកចំណេះជំនាញសម្រាប់ដោះស្រាយបញ្ហា ឬឧបសគ្គដែលជួបប្រទះ
៣៖ កំណត់ចក្ខុវិស័យ និងវប្បធម៌ការងារដោយឈរលើមូលដ្ឋានសមូហភាព (ក្រុមការងារ) សម្រេចហើយបុគ្គលយកទៅអនុវត្ត ដោយទទួលការខុសត្រូវ
៤៖ ការដឹកនាំអង្គភាពដោយមានភាពជាម្ចាស់
៥៖ វិធីសាស្រ្តក្នុងការកសាងគុណភាពបុគ្គលិក លើជំនាញបច្ចេកទេស និងលើគុណធម៌នៃការផ្តល់សេវា
៦៖ បង្កើតយន្តរការវាស់វែងកំរិត នវានុវត្តន៍ និងសមិទ្ធផលការងារ និងការលើកទឹកចិត្តសមស្រប
៧៖ រៀបចំកម្មវីធីលើកកម្ពស់សុខុមាលភាពសម្រាប់បុគ្គលិក តាមរយៈការស្វែងយល់ទុក្ខលំបាករបស់បុគ្គលិក។
សូមជម្រាបថានៅក្នុងឱកាសនោះដែរ ដោយមានការអនុញ្ញាតពីលោកសាស្រ្តាចារ្យរដ្ឋមន្ដ្រី នៅក្នុងសប្តាហ៍នេះក៏មានបទបង្ហាញការចែករំលែកបទពិសោធន៍ ការងារដឹកនាំ និងការងារគ្រប់គ្រង របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងផងដែរ៕