(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ប្រជាសហគមន៍អ្នកដាំបន្លែ នៅភូមិភ្នៀត ក្រុងសំរោង ថា លោកនឹងរៀបចំធ្វើផ្សារបន្លែមួយកន្លែងនៅខាងលិចបឹងស្នោរ ដើម្បីឱ្យបងប្អូនប្រជាកសិករដែលជាដាំដុះបន្លែ បាននាំយកមកលក់ដោយមិនគិតថ្លៃ។

ការប្រកាសសាងសង់ផ្សារបន្លែជូនប្រជាសហគមន៍អ្នកដាំបន្លែនាពេលនេះ គឺបានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរក្រុងសំរោង ដោយមានការចូលរួមពីលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍អ្នកដាំបន្លែ នៅវត្តភ្នៀត និងដើម្បីស្វែងរកដំណោះស្រាយក្នុងការដាំដុះ និងរកទីផ្សារឱ្យកាន់តែទូលំទូលាយជូនពួកគាត់ជាអ្នកដាំបន្លែ។

នៅចំពោះមុខលោកអភិបាលខេត្តឧត្តរមានជ័យ បងប្អូនកសិករជាអ្នកដាំបន្លែបានត្អូញត្អែពីការខ្វះកន្លែងលក់ដូរបន្លែនៅផ្សារសំរោង ដោយសារទីតាំងផ្សារបន្លែនៅផ្សារសំរោងចង្អៀត ជាហេតុធ្វើឱ្យពួកគាត់មានការលំបាកក្នុងការលក់ដូរ។បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់កសិករជាអ្នកដាំបន្លែ ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោកអភិបាលខេត្ត នឹងពិនិត្យលទ្ធភាពដើម្បីរៀបចំផ្សារលក់បន្លែថ្មីមួយកន្លែងនៅក្នុងក្រុងសំរោងជូនពួកគាត់។

ដោយឡែកលោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយគិតគូរអំពីបញ្ហារបស់កសិករជាអ្នកដាំបន្លែ កន្លងមកយើងបានផ្តល់ទឹកកសិកម្មសម្រាប់ស្រោចស្រពដំណាំដល់សហគមន៍ លោកថាក្នុងដំណាក់កាលចាប់ផ្តើម ប្រជាកសិករផ្សេងដែលនៅជិតនោះមិនរំពឹងថាទឹកកសិកម្មដែលយើងបានផ្តល់ឱ្យនឹងមិនមានប្រយោជន៍ ធ្វើឱ្យដំណាំមិនទទួលបានទិន្នផលល្អនោះទេ លោកថាទឹកកសិកម្មដែលផ្តល់ឱ្យសហគមន៍គឺយើងដាក់កុងទ័រដោយលក់ក្នុង១គីប តម្លៃតែ៤០០រៀលនោះទេ សម្រាប់សហគមន៍ដោះស្រាយថ្លៃអគ្គិសនី។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការផ្តល់ទឹកកសិកម្មសម្រាប់ស្រោចស្រពដំណាំបន្លែ បានធ្វើឱ្យកសិករជាង៨០គ្រួសារទទួលបានជោគជ័យ។ ដោយឡែកចំពោះកសិករមួយចំនួនទៀតដែលមិនទាន់ជឿជាក់លើទឹកកសិកម្មសម្រាប់ស្រោចស្រពបន្លែ ពេលនេះបងប្អូនយើងបានស្នើរសុំដាក់ទឹកកសិកម្មសម្រាប់ស្រោចស្រពដំណាំបន្លែដែរ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានឯកភាពផ្តល់ឱ្យ តាមរយៈមន្ទីរកសិកម្មរៀបចំផ្តល់ទឹកកសិកម្មជូនគាត់ផងដែរ៕