(បន្ទាយមានជ័យ)៖ ជនជាតិថៃ ប្រុសស្រី ចំនួន២៥នាក់ ត្រូវបាននគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជាត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីរកឃើញថាលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជាបានធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទី តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំដោយវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងភាគីថៃ ដឹកនាំដោយលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG នាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
យោងតាមបញ្ជារបស់ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា រយៈពេល ០៥ឆ្នាំ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចកម្ពុជាបានចុះអនុវត្តបង្រ្កាបបានជនបរទេសមកស្នាក់នៅកម្ពុជាខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានាជាញឹកញាប់ ហើយក៏ខ្លះត្រូវបណ្តេញចេញ និងខ្លះទៀតត្រូវអនុវត្តទោសនៅកម្ពុជា៕