(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺ ជុំវិញការផ្សព្វផ្សាយដោយមិនបានស្វែងរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយរបស់ម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) នឹងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្ត។
នៅក្នុងសេចក្តីបំភ្លឺនោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ Tan Kimsour (តាន់ គឹមសួរ) មានខ្លឹមសារថា «ខ្ញុំស្ម័គ្រធ្វើជាអ្នកថែសួនឲ្យខេត្ត កំពង់ចាម» ដោយបានភ្ជាប់រូបភាពសួនច្បារទ្រូងផ្លូវ ដែលមានស្មៅ ផ្កា កូនឈើក្រៀមស្វិតស្រពោន នឹងមានចរិតឌឺដងមកឲ្យអាជ្ញាធរខេត្ត ថាមិនបានយកចិត្តទុកដាក់ក្នុងការ ស្រោចទឹកសួននៅលើដងផ្លូវនេះ និងបង្កឲ្យមានការភ័ន្តច្រឡំទៅដល់សាធារណជន។
ឆ្លើយតបនឹងព័ត៌មានខាងលើនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានធ្វើការបំភ្លឺជូនសាធារណជន និងអ្នកសារព័ត៌មាន ក៏ដូចជាម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) អំពីការពិត ដែលមានដូចខាងក្រោម៖
១៖ រូបភាពដែលម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) បានធ្វើការផ្សព្វផ្សាយនេះ គឺជារូបភាពនៃកំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងកំពង់ចាម ចន្លោះពីរូបសំណាក់នាគព័ន្ធទៅគល់ស្ពានគីហ្សូណា ដែលកំពុងស្ថិតនៅក្នុងដំណើរការឈូសឆាយសាងសង់ពង្រីក និងលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ទៅជា ៤គន្លង និងមានសួនច្បារកណ្តាល។ កំណាត់ផ្លូវក្នុងរូបភាពដែលបានផ្សព្វផ្សាយនេះ ក៏កំពុងត្រៀមធ្វើការឈូសឆាយពង្រីកក្នុង ពេលឆាប់ៗខាងមុខនេះដូចគ្នាដែរ។
២៖ នៅក្នុងដំណើរការនៃការសាងសង់ពង្រីកកំណាត់ផ្លូវនេះ គឺតម្រូវឲ្យធ្វើការរុះរើសំណង់ពាក់ព័ន្ធទាំងអស់ចេញ ដែលមានដូចជា សួនច្បារទ្រូងផ្លូវ បណ្តាញស្រោចស្រពអំពូលបំភ្លឺសាធារណៈ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងសំណង់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីសម្រួលដល់ដំណើរការនៃគម្រោងទាំងមូល។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សម្តែងនូវការសោកស្តាយចំពោះម្ចាស់ទំព័រហ្វេសប៊ុក Tan Kimsour (តាន់ គឹមសួរ) ដែលបានផ្សព្វផ្សាយព័ត៌មានពុំឆ្លុះបញ្ចាំងការពិតគ្រប់ជ្រុងជ្រោយ និងសូមថ្លែងអំណរគុណដល់សាធារណជន ដែលបានតាមដាន បញ្ចេញមតិយោបល់គាំទ្រការពិតនៃករណីនេះ និងសូមស្នើកុំឲ្យមានការចែកចាយ ឬបកស្រាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយនេះ ដែលអាចធ្វើឲ្យមានការភ័ន្តច្រឡំបន្តទៀត៕