(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជា​យុវ​ជនបន្តវេនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋា​ភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះវីរភាព និងគុណូបការៈដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគ្រាដែល​ក្រុម​ប្រឆាំងមួយក្តាប់តូចបានធ្វើការប្រមាថដ៏អាក្រក់ជូរជាតិ​លើសម្តេច​តេជោ។

តាមរយៈសំណេរដ៏វែងលើបណ្តាញសង្គមនាព្រលប់ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកទង្វើរបស់​ក្រុម​ប្រឆាំងជ្រុលនិយមមួយក្តាប់តូចនេះ បង្ហាញពីសណ្ដានស្មោគគ្រោករបស់​គេ។

លោក ស សុខា បានគូសរំលេចថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារ​លោកយ៉ាងច្រើនលើសលប់ និង​ថែម​ទាំង​ហៅសម្តេចតេជោ ថា «សម្ដេច​ពុកៗ» ពោរពេញទៅដោយ​អត្ថ​ន័យ​​យ៉ាងជ្រាលជ្រៅប្រកបដោយ​ព្រហ្ម​វិហារ​ធម៌។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា កូនប្រុសច្បងរបស់សម្តេចក្រឡា​ហោម ស ខេង ក៏បានរំលេចនូវវីរភាពជាច្រើនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ «ក្នុងមួយជីវិតរបស់​លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុម​គ្រួ​សារ ប្រើជីវិតធ្វើដើមទុន បណ្ដេញ និងកម្ទេចក្រុមបដិវត្តន៍ពណ៌​ខ្មៅ «របប​ប៉ុលពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែង​ឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំង​ដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោម​សេដ្ឋ​កិច្ចផងទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរក​ការ​ផ្សះផ្សារបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយ​ដែន​ផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា ជាពិសេសជាងនេះ សម្ដេចបានដាក់ចេញ «នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់​តំបន់គ្រប់គ្រងដោយខ្មែរ​ក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាសពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទំរាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ មានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជារួមកម្ពុជារីកចម្រើនមកដល់ពេលនេះ កើតចេញអគ្គមគ្គុទេសន៍​របស់​សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតជាប្រតិបត្តិករ។ ពោលគឺសម្ដេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួប ផ្សះផ្សា អភិវឌ្ឍសង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះលោកទទួលទានទឹកមូត្រ«ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិន​ខុសពីជនរួមជាតិកម្ពុជាដ៏ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និង​តម្កល់គុណូបការៈសម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួម​ផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ»។ លោកជាអគ្គមគ្គុទេសន៍ស្ដារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិ និងជាអគ្គមគ្គុទេស​ន៍​រក្សាស្ថេរភាព និងកំណើតសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាព​ប្រជា​ជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិន​នឿយ​នឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជន និងជាតិត្រីមុខ។

ក្រៅពីលើនូវវីរភាពរបស់សម្តេចតេជោហើយនោះ លោក ស សុខា បានបង្ហាញការប្តេជ្ញាចិត្ត ឈរក្នុងស្មារតីរឹងមាំជាកម្លាំង​សាមគ្គីធ្លុង​មួយ ពួនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំថ្ងៃ ដើមឈើដ៏ធំមួយ​ដើម​ឈ្មោះ «សម្ដេចតេជោ​សែន» ដើម្បីបន្តផ្ដល់ម្លប់ពោធិ៍ដ៏ត្រជាក់​ត្រជុំ​ដល់​យើង តាមទស្សនៈសម្ដេច «ពីដើមឈើមួយដើមទៅជាព្រៃ» ដែល​សម្ដេច​តែងតែប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានមកផ្ដុំគ្នា មិនឱ្យបែកខ្ញែកគ្នា តាមទស្សនៈថា «ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពី​ក្រុមជ្រុលនិយម «មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់សម្ដេច​តេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់យើង!]។ សម្ដេច​ស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព! លោកស្រក់ញើសក្នុង​សម័យ​សន្តិភាព ដើម្បីជីវភាពប្រជាជននិងសង្គម។

លោក ស សុខា ក៏បានប្រកាសប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែង​ថែរក្សាការពារផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំ​មួយ​ដើមឈ្មោះ «សម្ដេចធិបតី» តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។

ក្នុងសំណេរនេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្ដេច​តេជោ សម្ដេចធិបតី! ខ្មែរសាមគ្គីខ្មែរ​ឈ្នះ!៕