(ពោធិ៍សាត់)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជម្រុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥បានថ្លែងថា ការបណ្ដុះបណ្តាលបាននូវមូលធនមនុស្សល្អពេញលេញ សាលារៀនត្រូវអនុវត្ត គឺបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។
លោកទេសរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅសាលប្រជុំថ្មីសាលាខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំការចាប់ផ្តើមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ (គ.វ.អ.) ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំ ដោយមានអ្នកចូលរួមពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រតិភូបុគ្គលិកអប់រំខេត្តទាំង២ ប្រមាណជាង៦០០នាក់។
លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ.)បាននាំមកនូវការសួរសុខទុក្ខ ផ្តាំផ្ញើពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះលោកគ្រូ អ្នកគ្រូ ប្រតិភូខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយបានបានសង្កត់ធ្ងន់ថា «វិធីសាស្ត្រ នៃការជ្រើសរើស និងប្រើប្រាស់មូលធនមនុស្ស ជាអតីតនាយក នាយិកា និងគ្រូបង្រៀនឆ្នើម ដែលចូលនិវត្តន៍ហើយ ឱ្យមកជួយបំពេញកិច្ចការជាគ្រូបង្គោលនេះ គឺជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត របស់សម្តេចមហាបវរធិបតី ដែលតែងតែផ្តល់តម្លៃ កោតសរសើរស្នាដៃ និងអនុញ្ញាតឱ្យនិវត្តន៍ ដែលមានឆន្ទៈការងារខ្ពស់ អាចបន្តចូលរួមបម្រើប្រទេសជាតិ បានកាន់តែយូរថែមទៀត»។
លោកទេសរដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង៖ ទី១៖ ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង អំពីវិធានការគន្លឹះ ចក្ខុវិស័យ នៃការកែទម្រង់ វិស័យអប់រំរបស់រាជរដ្ឋាភិបាល នៃសាលារៀនគោលដៅ ក្នុងខេត្តទាំង២។ ទី២៖ ពង្រឹងកិច្ចសហការ កៀងគរចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បង្កើតឱកាសជួបជុំគ្នាជាផ្លូវការ រវាងភាគីគ្រូបង្គោល ជម្រុញលើកទឹកចិត្ត ដល់ការអនុវត្ត វិធានការគន្លឹះ ដោយទំនុកចិត្ត។ ទី៣៖ ពង្រឹង និងបំពាក់នូវគោលជំហររឹងមាំ ដល់ក្រុមគ្រូបង្គោល នាយក និងគ្រូបង្រៀន ព្រមទាំងបង្ហាញការគាំទ្រ ពេញទំហឹង និងគ្រប់ដំណាក់កាល។ ទី៤៖ ការបណ្តុះឆន្ទះ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសហគមន៍នៃសាលាគោលដៅ ដែលបានចូលរួមក្នុងកម្មវិធីចាប់ផ្តើមយុទ្ធនាការនេះ មានក្តីសប្បាយរីករាយ និងគាំទ្រពេញទំហឹង ចំពោះវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅតាមសាលារៀនក្នុងខេត្តទាំងអស់ នៃខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ទី៥៖ ការគាំទ្រសាលារៀនគោលដៅ មានន័យថាការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំ ទៅអនុវត្តនៅតាមសាលាគោលដៅ ដែលបានជ្រើសរើសរួច ដោយមានគ្រូបង្គោលជាអ្នកជួយផ្តល់យោបល់ គាំទ្រផ្នែកបច្ចេកទេស វិធីសាស្ត្រ និងការសហការ ជំរុញវិធានការគន្លឹះ ឱ្យអនុវត្តបានដោយរលូន។
ត្រង់ចំណុចនេះ លោក ពេជ សោភ័ន សូមឱ្យសាលារៀនគោលដៅផ្តោតការយកចិត្តទុកដាក់ខ្ពស់ អំពីការបណ្ដុះទឹកចិត្ត ឆន្ទៈ សុជីវធម៌ សីលធម៌ និងគុណធម៌ ថែទាំ និងលើកកម្ពស់សុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត អនាម័យ សិល្បៈ កីឡា និងសមាធិ កសាងមូលដ្ឋានសុភមង្គល សុខដុមនីយកម្ម ការងារមនុស្សធម៌ ការចែករំលែក និងជួយយកអាសារគ្នា។
សូមបញ្ជាក់ថា យោងតាមសន្ទរកថាស្វាគមន៍ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តមានសាលារៀនគោលដៅចំនួន៤ គឺទី១៖ បឋមសិក្សាព្រែកស្តី, ទី២៖ បឋមសិក្សាហង្សាបិតិ, ទី៣៖ បឋមសិក្សាឥន្ទស្ថេរោ នៅសុគន្ធថៃ និងទី៤៖ បឋមកែវសុវណ្ណ ដែលស្ថិតក្នុងក្រុងពោធិ៍សាត់។ ឆ្នាំសិក្សា២០២៤ -២០២៥ ខេត្តមានសាលាមត្តេយ្យ ចំនួន១៨៩សាលា សិស្ស១០,១៧៥នាក់, បឋមសិក្សា ចំនួន៣០៨សាលា សិស្ស៧២,៤១៣នាក់, មធ្យមសិក្សាបឋមភូមិ ចំនួន៤៤សាលា សិស្ស១៤,៤៦៥នាក់ និងមធ្យមសិក្សាទុតិយភូមិ ចំនួន១៧សាលា សិស្ស១៩,០៩០នាក់ និងបុគ្គលិកអប់រំ៨៩៣នាក់។ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣,៧០៣នាក់ ប្រឡងជាប់២៧,៥៥នាក់ ស្មើនឹង៧៥,៤០% ក្នុងនោះនិទ្ទេសA ២៨នាក់ និទ្ទេសB ១៥៧នាក់ និទ្ទេសC ៥០៤នាក់ និទ្ទេសD ៩៨៥នាក់ និងនិទ្ទេសE ១,០៨១នាក់។ នៅឆ្នាំ២០២០-២០២៣ សាលាបឋមពោធិ៍សាត់ទទួលបានពានរង្វាន់លេខ១ ពីសម្តេចតេជោ។ ឆ្នាំ២០១៧-២០២៣ គ្រូបង្រៀន៩នាក់ក្នុងខេត្ត ទទួលបានពានរង្វាន់គ្រូបង្រៀនល្អ។ ឆ្នាំ២០២២-២០២៣ អនុវិទ្យាល័យពោធិ៍សាត់ ទទួលបានពានរង្វាន់អង្គភាពផ្តល់សេវាគំរូ ចំណាត់ថ្នាក់លេខ៤ ទូទាំងប្រទេស៕