(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានជំរុញ និងលើកទឹកចិត្តឱ្យម្ចាស់ចំការបន្លែនានា ក្នុងស្រុកទឹកឈូ ផ្តល់ការងារជូនស្ត្រីលើវិស័យកសិកម្មឱ្យបានច្រើន ជាពិសេសការដាំដុះផលដំណាំផ្សេងៗ ដើម្បីលើកកម្ពស់តម្លៃស្ត្រី បង្កើនការងារ ក៏ដូចជាចំណេះដឹងផ្សេងៗ ផ្នែកកសិកម្ម ជូនពួកគាត់ ម្យ៉ាងទៀតទ្រទ្រង់លើប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារផងដែរ។
លើកឡើងដូចនេះ ខណៈលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានដឹកនាំសហការីពាក់ព័ន្ធ ធ្វើដំណើរ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាស្ត្រី និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើការក្នុងចំការបន្លែវិលជុំ របស់លោក ស្រ៊ន សារឿន ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ទន្ទឹមនោះ លោកស្រីប្រធានកិត្តិយសសាខាសមាគម ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករជាស្ត្រីនៅក្នុងកសិដ្ឋានដាំបន្លែនេះ។
លោកស្រីបានបន្តថា ក្រោយពីបានចុះពិនិត្យផ្ទាល់ក្នុងចំការបន្លែសង្កេតឃើញថា មានបងប្អូនជាស្ត្រីភាគច្រើន បានធ្វើការនៅក្នុងចំការ ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោក ស្រ៊ន សារឿន ដែលជាម្ចាស់ចំការបន្លែ ក្នុងការលើកកម្ពស់តម្លៃស្ត្រី បង្កើតការងារ ដល់ស្ត្រី ពិសេសបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាផ្តល់នូវប្រាក់ចំណូល សម្រាប់បងប្អូនជាស្ត្រី ដើម្បីផ្គត់ផ្គង់គ្រួសារ ថែមទាំងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ លោកស្រីប្រធានកិត្តិយសសាខាសមាគម ក៏បានលើកទឹកចិត្តដល់បងប្អូនដែលជាស្ត្រីទាំងអស់ ឱ្យចូលរួមធ្វើការងារក្នុងវិស័យកសិកម្ម ក៏ដូចជារៀនសូត្រអំពីបច្ចេកទេសដាំដុះផ្សេងៗឱ្យបានច្រើន ដើម្បីទៅថ្ងៃខាងមុខ មានបច្ចេកទេសក្នុងការធ្វើកសិកម្មដាំដុះបន្លែនៅតាមផ្ទះ ដោយទទួលបានផលល្អ និងទទួលបានជោគជ័យ។
លោកស្រី ក៏បានជំរុញឱ្យម្ចាស់ចំការបន្តស្វែករកទីផ្សារឱ្យបានច្រើននៅទូទាំងប្រទេស ពិសេសបង្កើតទីផ្សារតាមរយៈ Online ដែលជាទីផ្សារទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដើម្បីធ្វើការលក់ដូរបន្លែកាន់តែមានសន្ទុះជាងមុន។
តាមការឱ្យដឹងពីលោក ស្រ៊ន សារឿន ម្ចាស់ចំការបន្លែវិលជុំ បានឱ្យដឹងថា លោកបានចាប់យករបរដាំបន្លែអស់រយៈពេល ១៩ឆ្នាំ មកហើយ ចម្ការបន្លែវិលជុំរបស់លោក គឺធ្វើនៅលើផ្ទៃដីប្រមាណជាង ៦ហិកតា ដោយមានបន្លែដូចជា បន្លែខាត់ណា ស្ពៃក្តោប ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ពៃសៃឈីម ស្ពៃតឿ ស្ពៃជ្រក់ និងបន្លែផ្សេងៗទៀតជាច្រើន។
លោកបានបន្តថា ក្នុងចំការបន្លែរបស់លោកមានកម្មករចំនួន ១៧នាក់ ក្នុងនោះស្ត្រីមានចំនួន ១៣នាក់ ហើយចំពោះកម្មករទាំងអស់ក៏ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេស ក្នុងការដាំបន្លែផងដែរ ដើម្បីទៅថ្ងៃមុខពួកគាត់អាចយកបច្ចេកទេសនៃការដាំបន្លែពីចំការរបស់លោក ទៅធ្វើការដាំដុះនៅផ្ទះរបស់ពួកគាត់បានផលដោយជោគជ័យផងដែរ៕