(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នា ដើម្បីកោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ឱ្យចូលបំភ្លឺ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះ។
បើតាមលិខិតសមាគមឧកញ៉ាកម្ពុជា គឺ Love Riya ដែលគេស្គាល់ថា ជាអ្នកលក់ឡេអនឡាញ ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំនាថ្ងៃស្អែក គឺនៅម៉ោង ៩:០០នាទីព្រឹក នៅការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ)។ គោលដៅនៃការប្រជុំនេះ គឺដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
ចំណែកលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) គឺតម្រូវឱ្យ Love Riya ចូលមកកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី០១ ក្រសួងមហាផ្ទៃ វេលាម៉ោង០៩:០០ នាទីព្រឹកដូចគ្នា។ ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុ នៃការកោះហៅនេះនៅឡើយទេ។
ការកោះហៅអ្នកលក់ឡេរូបនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា ឧកញ៉ារូបនេះ បានលួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារឧកញ៉ា៕