(ភ្នំពេញ)៖ ការកៃឆ្នៃសំណល់មកជាស្នាដៃសិល្បៈដ៏រស់រវើក គឺជារឿងមួយដែលគួរកោតស្ញប់ស្ញែង និងមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ដោយសារតែការកៃឆ្នៃសំណល់នេះ បានចូលរួមចំណែកកាត់បន្ថយកាកសំណល់ជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពរបស់មនុស្សជាតិ។
ជាការពិតណាស់ ដោយសារតែការមើលឃើញពីកត្តាឥទ្ធិពលទាំងនេះហើយ ទើប លោក អ៊ូ វណ្ណី និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិចិត្រកម្ម (ជំនាន់ទី៩ វគ្គ១) បានជ្រើសរើសការធ្វើរូបចម្លាក់ទេពមច្ឆា និងសិក្សាស្រាវជ្រាវចងក្រងឯកសារ ដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជបណ្ឌិត្យសភាកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា មុខពេលការពារបញ្ចប់សារណាបទនៅពេលខាងមុខដ៏ខ្លីនេះ លោក អ៊ូ វណ្ណឌី បានសម្រេចដាក់តាំងបង្ហាញស្នាដៃឆ្នៃប្រឌិតរបស់លោកជាមុន ដើម្បីឱ្យសាធារណជន និងសិស្សិនិស្សិតទស្សនានូវសមិទ្ធផល ដែលកៃឆ្នៃចេញពីសំណល់ដែលបានបោះបង់ចោល។
ក្នុងដំណើរការផលិតរូបចម្លាក់ទេពមច្ឆាដ៏ស្រស់ស្អាតនេះ លោក វណ្ណី បានប្រមូលនូវសំណល់រឹងដែលគេបោះបង់ចោល ប្រមាណ ៣៥០គីឡូក្រាម មានដូចជាគ្រឿងបង្គុំដែក គ្រឿងបន្លាស់រថយន្ត ទោចក្រយានយន្ត ជាដើម ដើម្បីកែឆ្នៃនិងផ្គុំឡើងប្រកបដោយសោភណ្ឌភាព។ ជាសក្ខីភាព ចាប់ពីថ្ងៃចាប់ផ្តើមផលិតរូបចម្លាក់នេះ មកដល់ពេលបច្ចុប្បន្ននេះ លោក អ៊ូ វណ្ណី ទទួលបានការណែនាំយ៉ាងម៉ត់ចត់ពីគណៈកម្មការវាយតម្លៃ ដូចជា បណ្ឌិតសភាចារ្យ តិច សំណាង បណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ និងបណ្ឌិត ហេង មុនីផល (គ្រូណែនាំផ្ទាល់)។
ពិតណាស់ ដើម្បីធានាដល់គុណភាពនិងសោភណ្ឌភាពនៃរូបចម្លាក់ទេពមច្ឆានេះ គណៈកម្មការវាយតម្លៃទាំងអស់ បានយកចិត្តទុកដាក់ខ្ពស់ ផ្តល់យោបល់ជាច្រើនពាក់ព័ន្ធនឹងក្បួនខ្នាត វិធីសាស្រ្តផលិត និងអត្ថន័យរួម។
តាមរយៈ Facebook រាជបណ្ឌិត្យសភាកម្ពុជា លោក អ៊ូ វណ្ឌី បានថ្លែងថា «រូបចម្លាក់ទេពមច្ឆានេះបានសម្រេចបាន១០០%ហើយ និងគ្រោងដាក់តាំងបង្ហាញនៅខាងមុខអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីស្អែកព្រឹកនេះតទៅ»។
ក្នុងន័យនេះ លោកក៏បានអញ្ជើញសាធារណជនទាំងអស់ មកទស្សនាផ្ទាល់រូបចម្លាក់ទេពមច្ឆានេះ៕