(ភ្នំពេញ)៖​ លោក​ ផន សុភិន គឺជាម្ចាស់​សិប្បកម្មកែច្នៃដូងមួយកន្លែង នៅក្នុងខេត្តបាត់ដំបង ដែលមានឈ្មោះថា យ៉ានី ដូងខ្មែរបាត់ដំបង។ ដំបូងឡើយ លោកគឺជាអ្នកលក់ដូងធម្មតា នៅតាម​ផ្ទះប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក លោកក៏ចាប់ផ្តើមរៀនកែច្នៃដូងស្រស់ ទៅជាប្រភេទដូងផ្សេងៗ​ ពោល គឺបង្កើតសោភណ្ឌភាពថ្មីនៃផ្លែដូង ដើម្បីទទួលបានតម្លៃបន្ថែម។

មានស្រុកកំណើតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បច្ចុប្បន្ននេះលោក ផន សុភិន បានកែច្នៃផ្លែដូងធម្មតា ដូងក្រអូប ដូងតុកកែ ទៅជាដូងដុត ដូងគាស់ក្រវិល ដូចខាតស្អាត ដូងស្រោប និងចាហួយដូង។​

ភាពស្រស់ស្អាតនៃដូងដែលបានកែច្នៃនេះ ទទួលបានការនិយមចូលចិត្តអ្នកទទួលទាន​ មិនតិចនាក់នោះទេ។ ហេតុដូច្នេះហើយ បានជំរុញឱ្យលក់របស់លោកបានកើនឡើងជាបន្តបន្ទាប់។ ធ្លាប់តែលក់ដូវធម្មតា បានមួយថ្ងៃបាន២០០ ទៅ៣០០ដូង ប៉ុន្តែបច្ចុប្បន្ននេះ លោកអាចលក់បានរហូតដល់១ម៉ឺនផ្លែក្នុងមួយថ្ងៃ និងបន្តចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗដូចជា រាជធានីភ្នំពេញ បាត់ដំបង ​ និងប៉ៃលិនជាដើម។ ការគាំទ្រនេះ លោក​ ផន សុភិន មិនត្រឹមតែមានមហិច្ឆិតា លក់នៅក្នុងប្រទេសនោះទេ លោករំពឹងថា នាពេលខាងមុខលោកក៏អាចនាំចេញ ទៅលក់នៅក្រៅប្រទេសផងដែរ។

​​លោក​ ផន សុភិន បានឱ្យដឹងថា ​ការកែច្នៃដូងនេះ គឺដើម្បីជួយដល់កសិករ និងបង្កើនតម្លៃបន្ថែមរបស់ដូង ជាក់ស្តែងដូងនៅលើដើម ដែលកសិករលក់ចេញបានតែមួយផ្លែ១ពាន់រៀល​ តែបច្ចុប្បន្ននេះ​​ឡើងថ្លៃជាងមុនគឺ ១ផ្លែជាង២ពាន់រៀល ដែលជាការជួយបន្ថែមទីផ្សារដល់អ្នកដាំដូង។

ដូងដែលលោក សុភិន បានយកមកកែច្នៃ ត្រូវបាននាំយកមកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន ដែលមានប្រភេទដូងធម្មតា ដូងក្រអូប និងដូងតុកកែ។

​ការវិវត្តិខ្លួនពីអ្នកលក់ដូងធម្មតា មកជាអ្នកកែច្នៃដូង មិនត្រឹមជួយធ្វើឱ្យជីវភាពគ្រួសាររបស់លោក ឱ្យកាន់តែប្រសើរជាងមុននោះទេ ក៏អាចបង្កើតការងារ​ដល់អ្នកផ្សេងទៀត​ទាំងផ្ទាល់ និងប្រយោលផងដែរ។

ក្រៅការពីកែច្នៃផ្លែដូង បច្ចុប្បន្ននេះ​លោកក៏បានសហការជាមួយនិស្សិតនៃសាកលវិទ្យាល័យបាត់ដំបង ដើម្បីបង្កើនការកែច្នៃផលិតផលផ្សេងទៀត ទៅជាភេសជ្ជៈសុខភាព ដូចជាទឹកអំពិល ទឹកផាសិន ទឹកខ្ញី ម្ជូរព្រឹក និងទឹកស្លឹកគ្រៃជាដើម។ ​

លោក តូច ចំរើន ប្រធានកម្មវិធីនៃសមាគមនិរន្តរភាពដី ដើម្បីជីវីត បានលើកទឹកចិត្តដល់កសិករ ឬអាជីវករ ឱ្យចេះកែច្នៃ និងវេចខ្ចប់ឱ្យស្របតាមស្តង់ដារ និងលើកសោភ័ណ្ឌភាពផលិតផល ដើម្បីទទួលបានតម្លៃបន្ថែម និងពង្រីកទីផ្សារ៕