(កំពង់ចាម)៖ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងា​រអនុវត្តសម្រាប់​ឆ្នាំ​២០២៥ ក្រោមអធិបតីភាពលោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និងលោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា ដោយមានកា​រចូលរួម​ពីថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាល ក្រឡាបញ្ជី និងមន្ត្រី នៃអង្គភាពក្រោមឱវាទរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ប្រធានសាលាដំបូង ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំបូងខេត្តទាំង៨​ក្នុង​ដែន​​​សមត្ថកិច្ច​ តំណាងក្រសួងប្រៃសណីយ៍ មជ្ឍមណ្ឌលភ្តុភារកម្ម ប្រធាន​សាខាប្រៃ​ស​ណី​យ៍​​​​កម្ពុជា​ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និង សំណង់ ប្រធានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី៣ ប្រតិភូមេធាវីប្រចាំសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្នងការ ស្នងការរងនគរបាល មេបញ្ជាការ មេបញ្ជាការរង កងរាជ​អាវុធ​ហត្ថ​ នៃខេត្តទាំងប្រាំបី ក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអម សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលបានរៀបចំ​ឡើងនៅ​សណ្ឋាគារ​ អិល ប៊ី អិន អាស៊ាន ខេត្តកំពង់ចាម។

លោក ហួត វុទ្ធី បានថ្លែងសុន្ទរកថាបើក ពិធីសន្និបាតបូកសរុបការងារ​របស់​ខ្លួននាឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តនៅឆ្នាំ២០២៥ ដោយអនុលោមតាមមាត្រា៥៤ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ បានចែង​ថា «សន្និបាតរបស់សាលាឧទ្ធរណ៍នីមួយៗ ត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអម​សាលា​ឧទ្ធរណ៍» ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក និងកំណត់ទិសដៅការងាររដ្ឋបាលរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រាប់ឆ្នាំបន្ទាប់ទៀត ដែលរបាយការណ៍សន្និបាតរបស់សាលាឧទ្ធរណ៍ត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌។

លោកក៏បានថ្លែងអំណរអគុណ ដល់លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសន្និបាតរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នាពេលនេះ។ ក្រៅពីនេះ អ្វីដែលជាចំណុចសំខាន់ ក្នុងអង្គសន្និបាតនេះ គឺសូមស្នើឱ្យលោក លោកស្រី ទាំងអស់ចូលរួមពិនិត្យលើប្រធាន​បទសម្រាប់ពិភាក្សា​នាពេលបន្ទាប់​នេះ និងលើកអំពីបញ្ហាប្រឈម ដែលកើតមានលើការអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាដោះស្រាយ និងចែករំលែកនូវ​បទ​ពិសោធន៏ រឺផ្តល់ជាមតិយោបល់ផ្សេងៗ។

ក្រោយពីថ្នាក់ដឹកនាំបានបញ្ចប់ការថ្លែងសុន្ទរកថារួចមក លោក ទុំ សោភ័ណ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ត្បូងឃ្មុំ បាន​ឡើងអានរបាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ជូនអង្គពិធី។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោក ម៉ុង មុនីចរិយា និងលោក ហួត វុទ្ធី បានដឹកនាំកិច្ចពិភាក្សា ដោយក្នុងនោះមាន ៤ប្រធានបទ៖
* ប្រធានបទទី១៖ នីតិវិធី នៃការបញ្ជូន ក្នុងសំណុំរឿងព្រហ្មទណ្ឌ ឧទ្ទេសនាមដោយលោក ទុំ សោភ័ណ អគ្គលេខាធិការ។
* ប្រធានបទីទី២៖ ការប្រាក់ និងប្រាក់ពិន័យ ឧទ្ទេសនាមដោយ លោក ទី សំណាង អនុប្រធានសាលាឧទ្ធរណ៍
* ប្រធានបទទី៣៖ នីតិវិធីឃុំខ្លួនបណ្តោះអាសន្ន ឧទ្ទេសនាមដោយលោក យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍
* ប្រធានបទីទី៤៖ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ឧទ្ទេសនាមដោយលោក រៀល សុភិន អនុប្រធានសាលាឧទ្ធរណ៍
ក្រោយពីធ្វើបទបង្ហាញ នៅប្រធានបទទាំង៤រួចមក អង្គពិធីបាន ពិភាក្សាយ៉ាងផុសផុល ព្រមទាំងទទួលបាននូវបញ្ហាប្រឈមនានា ដែលបានជួបប្រទះ ក្នុងពេលអនុវត្ត នាពេលកន្លងមក ហើយលោក ម៉ុង មុនីចរិយា និងលោក ហួត វុទ្ធី បានចែករំលែកនូវបទពិសោធន៍ល្អៗ និងបានណែនាំដល់ស្ថាប័ននានា ដើម្បីឲ្យយកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
​​​លោក មុនីចរិយា បានថ្លែងសុន្ទរកថាបិទ អង្គសន្និបាតលទ្ធផលបូកសរុបការងារ ឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ យើងអាចវាយតម្លៃបានថា ការងាររបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ​បានសម្រេចកន្លងទៅនេះ យើង​មានមោទនភាព​គួរអោយ​កត់សម្គាល់ ខ្ញុំក៏សូមកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាព សាលាឧទ្ធរណ៍និងមហាអយ្យការ ទាំងមូលដែលបានខិតខំបំពេញការងារ​បាន​យ៉ាង​ល្អ។ ព្រមទាំងបានខិតខំពន្លឿនពាក្យបណ្តឹង និងស្របតាមគោលការណ៍របស់ក្រសួងយុត្តិធម៌ ដានដាក់ចេញ៕