(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨០ឆ្នាំ ឈានចូល៨១ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។
តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏មហាបវរសួស្តី ជោគជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេច វិបុលសេនាភក្តីគម្រប់ ៨០ឆ្នាំ ឈានចូល ៨១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល់មហា ប្រសើរជូនចំពោះ សម្តេចវិបុលសេនាភក្តី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវគារវកិច្ច និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចវិបុលសេនាភក្តី ដែលជាថ្នាក់ដឹកនាំកំពូល និងជាទីគោរពស្រលាញ់ របស់ប្រជាពលរដ្ឋ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម និងមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិមាតុភូមិ។
ជាងនេះទៅទៀត សម្តេចវិបុលសេនាភក្តី បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍន៍ ប្រទេសជាតិជាទីស្រឡាញ់នៃយើង ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន ខ្លាំងក្លាឈានមុខឡើង តាមរយៈការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់ វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីតម្កល់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងសម្រាប់ទុកជាកេរដំណែលដល់ បច្ឆាជនគ្រប់ជំនាន់។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕