(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជី ឈ្មោះទណ្ឌិត នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ដែលត្រូវស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលសាលាខេត្ត ដោយបានការចូលរួមពី លោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់, លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ី សំអុល ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យធំៗ ចំនួន០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងនោះមាន៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោកឧត្តមអគ្គានុរក្សបន្តថា សម្រាប់ទណ្ឌិតដែលត្រូវបានអប់រំ និងកែប្រែបានល្អតាមលក្ខខណ្ឌ ហើយត្រូវជ្រើសរើស ដាក់ជូនគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ ឆ្នាំ២០២៥ មានចំនួន២១នាក់ និងក្នុងឱកាសបុណ្យវិសាខបូជា ព.ស២៥៦៩ មានចំនួន២១នាក់ សរុបចំនួន៤២នាក់ ស្រី០១នាក់។

ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែន ជាកម្មវត្ថុ ក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។

លោកអភិបាលរងខេត្ត បានស្នើដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅ នឹងច្បាប់ និងគោលការណ៍ណែនាំនានា សម្តៅជ្រើសរើសបានទណ្ឌិត ដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក និងអាចរស់នៅប្រកបដោយសេចក្តីសុខ ជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។

គួរបញ្ជាក់ថា អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ បច្ចុប្បន្នមានអ្នកទោសជាក់ស្តែង សរុបចំនួន១,១៨៣នាក់ ស្រី៤៣នាក់ ក្នុងនោះជនត្រូវចោទ មានចំនួន២៦៦នាក់ ស្រី១៤នាក់ ជនជាប់ចោទ មានចំនួន១២៤នាក់ ស្រី០៦នាក់, ពិរុទ្ធជន មានចំនួន៣១៥នាក់ ស្រី១៥នាក់, ទណ្ឌិត មានចំនួន ៤៧៨នាក់ ស្រី០៨នាក់ និងជនបរទេស មានចំនួន២៧នាក់ ស្រី០នាក់៕