(ភ្នំពេញ)៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា «គណៈកម្មការទី៨» ដឹកនាំដោយលោកស្រី ឡោក ខេង បានអញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈម នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដឹកនាំដោយលោកសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយសហការី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈកម្មការទី៨ នៃរដ្ឋសភាដែលបានចំណាយពេលវេលា អញ្ជើញមកធ្វើទស្សនកិច្ចនៅ ស.វ.ស ដោយផ្ទាល់។

នាឱកាសនោះដែរ លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.សបានរាយការណ៍ជូន លោកស្រី ឡោក ខេង និងប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជ្រាបអំពីវឌ្ឍនភាពនៃសាកលវិទ្យាល័យលើការងារសិក្សាធិការ ការសិក្សាស្រាវជ្រាវ ការផ្តល់សេវា ការងារសង្គម ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ការទទួលស្គាល់គុណភាព ថ្នាក់ជាតិ និងអន្តរជាតិ ទិសដៅបន្តឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗ របស់សាកលវិទ្យាល័យ។

លោកស្រី ឡោក ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា នៅ «ស.វ.ស» ជាពិសេសភាពលេចធ្លោនៃការទទួលស្គាល់គុណភាពបណ្តុះបណ្តាលនៅ ស.វ.ស ទាំងកម្រិតជាតិ និងអន្តរជាតិ។ បន្ថែមលើនេះលោកស្រី ឡោក ខេង បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា ក៏ដូចជាការចូលរួមសកម្មភាពសង្គមផងដែរ។

បន្ថែមពីនេះ លោកស្រីប្រធាន ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា បានទទួលជ្រាបនូវការបកស្រាយសំណួរផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅ ស.វ.ស និងផ្តល់ការគាំទ្រ ដល់ដំណើរការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្របតាមគោលនយោបាយ និងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការឈានទៅរកការគ្របដណ្តប់ សុខភាព ជាសាកល ជូនប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អមដំណើរដោយក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំនៃ ស.វ.ស បានអញ្ជើញទស្សនកិច្ចដដោយផ្ទាល់នៅមន្ទីរពិសោធន៍ បង្ហាញត្រាប់មហាវិទ្យាល័យវេជ្ជសាស្រ្ត, បន្ទប់ប្រឡងកុំព្យូទ័រ, គ្លីនិកទន្តវទសាស្រ្ត បណ្ណាល័យ មន្ទីរពិសោធន៍បង្ហាញត្រាប់បច្ចេកវិទ្យាឱសថ និងមន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ របស់ «ស.វ.ស» ជាដើម៕