(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានណែនាំដល់មន្ដ្រី គ.ជ.ប ទាំងអស់ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង​សង្គមដែលជាស្នាដៃកូនខ្មែរ គឺ CoolApp សម្រាប់ការងារប្រចាំថ្ងៃ។

ការណែនាំរបស់ប្រធាន គ.ជ.ប ធ្វើឡើងក្នុងកិច្ចប្រជុំកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ផែនការតម្រូវការ​ធនធានមនុស្ស និងប្រតិទិននៃការជ្រើសរើស ការតែងតាំង និងការបណ្តុះបណ្តាលមន្ត្រី បុគ្គលិក សម្រាប់បម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធ​នឹងការប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សា​ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ញ ចន្ទ បានណែនាំឲ្យមន្ដ្រីទាំងអស់ប្រើប្រាស់បន្ថែមទៀត នូវប្រព័ន្ធទំនាក់ទំនងសង្គម CoolApp ក្នុងការទំនាក់ទំនងគ្នាប្រចាំថ្ងៃ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp កើនឡើងដល់ជិត៤០ម៉ឺននាក់ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp សម្រាប់ទំនាក់ទំនងគ្នា ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ និងជាមោទនភាពរបស់ជាតិយើង។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យមានចលនាប្រើប្រាស់បណ្តាញសង្គម CoolApp នេះ បានធ្វើឡើងនៅក្នុង សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «CoolApp ងាយស្រួលប្រើ ថ្ងៃមុនខ្ញុំបានផ្ញើសារ Forward មានទាំងរូបភាព និងវិដេអូជាង១០០រូប ទៅកាន់មនុស្ស៤២នាក់ ដើររលឿនតែម្តង ប៉ុន្តែ CoolApp យើងអាចផ្ញើដល់មនុស្ស៥០នាក់ឯណោះ ! ដោយឡែកពេល Call និយាយតាម CoolApp ប្រើអ៉ិនធើណែតតិច ហើយច្បាស់ ដូច្នេះមន្រ្តីបក្សរបស់យើងនាំគ្នារបស់ខ្មែរយើង និងបង្កើត Group ដើម្បីទំនាក់ទំនងគ្នា !»

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងពីការប្រើប្រាស់ Video Call តាមរយៈ CoolApp គឺប្រើ Internet តិចណាស់បើធៀបនឹងកម្មវីធីផ្ញើសារបរទេសដូចជា WhatsApp, Telegram ឬ Line ជាដើម។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឱ្យដឹងថា រហូតដល់ពេលនេះ ចាប់តាំងពីដាក់ឱ្យដំណើរការរយៈពេលប្រមាណ ជាង៦ខែមកនេះ កម្មវិធី CoolApp ត្រូវបានទាញយកប្រមាណជិត៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

សូមជម្រាបថា CoolApp គឺជាកម្មវិធីផ្ញើសារ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ និងមានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឱ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

Download និង Update version ចុងក្រោយ !

1. iOS version (iPhone & iPad)
https://apps.apple.com/kh/app/coolapp-messenger/id1617434516

2. Android version
https://play.google.com/store/apps/details?id=asia.coolapp.chat

3. Desktop version
https://coolapp.chat/desktop/

4. Mac iOS
https://coolapp.chat/desktop/