(ពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សប្រចាំការនៅស្រុកអូរសោម ខេត្តពោធិ៍សាត់ សង្គ្រោះជីវិតកន្ធាយ និងអណ្តើកចំនួន៧ក្បាល ពីព្រានព្រៃ។
របាយការណ៍ការរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពេលកំពុងកំពុងដើរល្បាតមន្ត្រីឧទ្យានុរក្ស និងកម្លាំងកងរាជអាវុធហត្ថនៅអូរសោម បានដកហូតសត្វកន្ធាយរស់ចំនួន៣ក្បាល ទម្ងន់សរុបចំនួន២០គីឡូក្រាម និងសត្វអណ្តើកចំនួន៤ក្បាល ទម្ងន់សរុបចំនួន៤គីឡូក្រាម។
សត្វកន្ធាយ និងអណ្តើកនេះ ត្រូវបានជនសង្ស័យស្ពាយដាក់ការុងចំនួនពីរមានគ្នាពីរនាក់ដើរតាមផ្លូវ។ ពេលឃើញមន្ត្រីឧទ្យានុរក្ស ពួកគេបានទម្លាក់ ចោលហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់។
ក្រោយរំដោះបានហើយនោះ មន្ត្រីឧទ្យានុរក្ស បានដោះលែងសត្វកន្ធាយ និងអណ្តើកទាំង៧ក្បាលចូលទៅក្នុងទឹកវិញ នៅចំណុចទំនប់ទី២ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការជួញដូរសត្វព្រៃជាទង្វើខុសច្បាប់ ដែលប្រឈមនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារថែមទៀតផង។ សូមបញ្ឈប់ការហូប និងចាប់សត្វព្រៃធ្វើជាអាហារ៕