(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹៈចំនួន៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះផ្លូវនៅតែជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនិង​កំណើនប្រជាជន និងនគរូបនីយកម្ម ស្របតាមសុភាសិតបុរាណខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធ​សភា ធ្លាប់បានលើកឡើងជារឿយៗ «មានផ្លូវ មានក្តីសង្ឃឹម»។

ដោយគោរពយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់​កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ក្រុម «ក» បានចូលរួមអនុវត្តន៍ការងារស្ថាប​នា​ផ្លូវ​ក្រាលក្រួសក្រហម នៅតាមតំបន់ខ្សែក្រវ៉ាត់ព្រំដែន និងតំបន់ជនបទឱ្យ​ក្លាយទៅជាផ្លូវកៅស៊ូ DBST ជាបណ្តើរៗ ដើម្បីលើកកម្ពស់សេវាគ្រប់​ប្រភេទ និងការលើកកម្ពស់ការតភ្ជាប់ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូនឱ្យមានគុណភាព សុវត្តិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

នៅដើមអាណត្តិទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កងវិស្វ​កម្មតេជោ ហ៊ុន សែន សៀមរាប ក្រុម «ក» បានចូលរួមអនុវត្តគម្រោង​របស់​រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ជាអាណាប័ក​ដើម​ខ្សែ បានចូលរួមការងារស្ថាបនាកំណាត់ផ្លូវលេខ១៥៣៤ ប្រវែង ៩, ៧២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយស្ថាបនាពីផ្លូវចាក់ក្រាលក្រួសក្រហម ទៅ​ជា​ផ្លូវក្រាលកៅស៊ូ DBST។

កំណាត់ផ្លូវលេខ១៥៣៤ មានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ លាតសន្ធឹងពី​ទីរួម​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ព្រំប្រទល់ឃុំឈើតុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។ ផ្លូវនេះដើមឡើយជាប្រភេទផ្លូវដី ក្រោយមកក្លាយ​ជាផ្លូវដីក្រាលគ្រួសក្រហម ដែលបានស្ថាបនាឡើងនៅក្នុងឆ្នាំ២០១២។

ផ្លូវលេខ១៥៣៤ ចាត់ទុកជាផ្លូវទេសចរណ៍ធម្មជាតិមួយ ដោយឆ្លងកាត់ភូមិ​សាស្រ្តឃុំចំនួន៣ គឺឃុំតាំងក្រសាំង ឃុំកាំងស្តារ និងឃុំក្តុលសែនជ័យ ស្រុក​​ទឹកផុស ខេត្តកំពង់ឆ្នាំង និងភ្ជាប់ទៅកាន់ស្រុកក្រគរ ខេត្តពោធិ៍​សាត់​។ ជាច្រើនឆ្នាំកន្លងមក បានជួយសម្រួលក្នុងការដឹកជញ្ជូនកសិផល​របស់​កសិករ និងភ្ញៀវទេសចរជាតិ ក៏ដូចអន្តរជាតិ ប៉ុន្តែមានការលំបាក ក្នុងរដូវ​វស្សា ដោយសារផ្លូវបែកភក់ ជង្ហុកសំបុកមាន់ រដូវប្រាំងមានសភាពហ៊ុយ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសុខភាពរបស់ប្រជាពលរដ្ឋ។

កំណាត់ផ្លូវលេខ ១៥៣៤ ត្រូវបានស្ថាបនាឡើងដោយ ក្រាលកៅស៊ូ DBST ប្រវែង ៩,៧២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ និងចិញ្ចើមដីល្បាយថ្ម ទទឹង ០,៥០ម៉ែត្រ សងខាង ពីចន្លោះគីឡូម៉ែត្រ ២៥+២០០ ដល់គីឡូម៉ែត្រ៣៥ ស្ថាបនាលូទឹកភ្លៀងសងខាងផ្លូវមុខកាត់ ០,៨០ម៉ែត្រ ប្រវែង ១,១៥៤​ម៉ែត្រ អណ្តូងលូទឹកភ្លៀង ចំនួន៤១កន្លែង និងខឿនបេតុងចិញ្ចើម​ផ្លូវ​ប្រវែង ១,១២០ម៉ែត្រ ពីគីឡូម៉ែត្រលេខ៣៣+៥២៥ ដល់គីឡូម៉ែត្រលេខ ៣៤+១៣០ ស្ថាបនាលូបេតុងមុខកាត់១ម៉ែត្រ ១ជួរប្រវែង១២ម៉ែត្រ ចំនួន​៤កន្លែង គូរគំនូសសញ្ញាចរាចរណ៍ទំហំ ៣,៦១៣ម៉ែត្រការ៉េ ដាក់ផ្លាក​សញ្ញា​ចរាចរណ៍ចំនួន២១ផ្លាក ដាំដុំចំណាំផ្លាតចំនួន ៨១១គ្រាប់ ដាំ​បង្គោល​គីឡូម៉ែត្រ ចំនួន៩ដើម និងបំពាក់ផ្លាកព័ត៌មាន គម្រោងចំនួន​២ផ្លាក ស្ថិតនៅភូមិអូរណ្តៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋរស់នៅទីប្រជុំជនឃុំក្តុលសែនជ័យ បានសំដែងនូវការ​សប្បាយ​រីករាយចំពោះគំរោង នៃការស្ថាបនាកំណាត់ផ្លូវលេខ ១៥៣៤ ដែលស្ថាបនាឡើងក្រោមការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ពិតណាស់សមិទ្ធផលដែលស្ថាបនាឡើងដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្រុម «ក» សម្រេចបាននៅពេលនេះ មិនមែនកើតឡើង​ដោយចៃដន្យនោះទេ ពោលគឺកើតចេញពីកត្តាសុខសន្តិភាព និងស្ថេរភាព​នយោបាយ ពេញលេញ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព។ ទាំងនេះគឺជាមរតកស្នាដៃដ៏ថ្លៃថ្លា ដែល​ថ្នាក់​ដឹកនាំជាន់មុនបានបន្សល់ទុក ហើយក៏ជាមូលដ្ឋានគ្រឹៈដ៏រឹងមាំសម្រាប់​ការបន្តវេនដឹកនាំ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា​ភិបាល​កម្ពុជា​នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៏វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមវន្ត៕