(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងលោក Phaitoun Thienglamay អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុឡាវ (SOEI) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា។
បើតាមនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងដើម្បីធានាបាននូវប្រសិទ្ធភាព យុត្តិធម៌ សុវត្ថិភាព និងស្ថិរភាពនៃទីផ្សារធានារ៉ាប់រង ទាំងក្នុងប្រទេសឡាវ និងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរ នឹងគាំទ្រទៅវិញទៅមកតាមរយៈការផ្តល់ជំនួយលើការកសាងសមត្ថភាព និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការរៀបចំច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់គ្រប់គ្រងវិស័យធានារ៉ាប់រង រួមទាំងបទពិសោធន៍ក្នុងការបង្កើត ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងស្រុកផងដែរ។
ជាមួយនេះ ភាគីទាំងពីរ នឹងសហការផ្លាស់ប្តូរព័ត៌មាន សម្រាប់រៀបចំបទប្បញ្ញត្តិក្នុងការគ្រប់គ្រង និងដាក់ចេញផលិតផលធានារ៉ាប់រង រួមមាន៖ ផលិតផលធានារ៉ាប់រងខ្នាតតូច, ផលិតផលដែលលក់តាមបែបឌីជីថល និងផលិតផលធានារ៉ាប់រងថ្មីៗ។
ក្រៅពីនេះ ភាគីទាំងពីរ ក៏នឹងសហការផ្តល់ជំនួយ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអនុវត្តបរិស្ថានសាកល្បង (Sandbox), ចែករំលែកបទពិសោធន៍ ក្នុងយន្តការនៃការប្រឆាំង ការសម្អាតប្រាក់ និងការអនុវត្តការត្រួតពិនិត្យធានារ៉ាប់រង និងសហការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា «ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក នៃនិយតករធានារ៉ាប់រងពីរនៅក្នុងតំបន់»។
លោក ប៊ូ ច័ន្ទភីរូ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់និយតករទាំងពីរ ហើយលោកទន្ទឹងរង់ចាំភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលអាចបម្រើសហគមន៍នៃប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព៕