(រតនគិរី)៖ លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់យ៉ាងច្បាស់នូវ​គោលនយោបាយ​​អភិវឌ្ឍ​ប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស។

លោក សន សុផល បានលើកឡើងយ៉ាងដូចនេះ នាឱកាសដែលលោក និងលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី អញ្ជើញជាគណអធិបតីបើក្នុងសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីបរិយាបន្នពិការភាព​ក្នុងកម្មវិធីជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក សន សុផល បានបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរពីសុខុមាល​ភាព​​​របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិ​សេ​សចូលរួមចំណែកកាត់បន្ថយ​ភាពក្រីក្រ និងអភិវឌ្ឍ​សេដ្ឋកិច្ចប្រកបដោយចីរភាព​ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់​នៅឆ្នាំ២០៥០។

លោកបានបន្តថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការ​ងា​ររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹង ពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព អតីតយុទ្ធជន អតីតមន្រ្តីរាជការមានពិការភាព បានទទួ​ល​របបឧបត្ថម្ភពីរដ្ឋ ជនមានពិការភាពមានបណ្ណសមធម៌ ឬនៅក្នុងគ្រួសារ​ដែលមាន​បណ្ណសមធម៌ នឹងទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែពីរដ្ឋបន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ និងបានចុះឈ្មោះជាមួយកម្មវិធីជាតិជំនួយសង្គម​ក្នុងកញ្ចប់គ្រួសារ ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សានេះផងដែរ។

ដោយឡែកលោក ខ័ណ្ឌ ចំណាន ថ្លែងក្នុងនាមតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកសិក្ខាសាលាថ្នាក់ខេត្តស្តីពីបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នាពេលនេះពិតជាមាន សារៈសំខាន់ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានសុខុមាលភាពជនពិការ បានសហការជាមួយអង្គការ UNICEF និងកម្មវិធីACCESS II តែងតែគាំទ្រទាំងថវិកា និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ដល់ជនបង្គោលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធក្នុងការផ្តល់សេវាជូនជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបរិយាបន្ន។

លោក ខ័ណ្ឌ ចំណាន បានបញ្ជាក់ថា សិក្ខាសាលានេះជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នាដើម្បីរៀនសូត្រ ពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព ចែករំលែកនូវបទពិសោធន៍ល្អៗ​បន្ថែមទៀត ឱ្យកាន់តែមានភាព​ប្រសើរ​ឡើង ក្នុងការបំពេញការងារជូនជនមានពិការភាព ពីដំណាក់មួយទៅដំណាក់កាលមួយ ​ការ​កសាងសមត្ថភាពគ្រូបង្គោលឃុំ សង្កាត់ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ៕