(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ។
នាឱកាសនោះលោកអភិបាលខេត្ត បានថ្លែងថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគនិងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ទន្ទឹមនេះលោកបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិនៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក កម្មការិនីនិងប្រជាពលរដ្ឋទាំងអស់ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវពាសវាលពាសកាលពេលកំពុងធ្វើដំណើរ។
បន្ទាប់ពីមានប្រសាសន៍បើកយុទ្ធនាការនេះលោក អភិបាលអភិបាលរងខេត្ត លោកប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត លោកអភិបាល និងគណៈអភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សបានធ្វើការរើសសំរាម ដើម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ ក្នុងទីប្រជុំជនផ្សារក្រោលគោ និងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្វាយជ្រំ និងនៅតាមបណ្តោយផ្លូវជាតិក្នុងក្រុងស្វាយរៀង ក៏មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ វិស័យឯកជនចូលរួមសម្អាតផងដែរ៕