(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការសិក្សាស្រាវជ្រាវ និងចងក្រងអត្តសញ្ញាណ​ឱ្យច្បាស់ប្រភេទ​យុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរ​ឱ្យបានគង់វង្ស។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ថោង ខុន ទេសរដ្ឋមន្រ្តីទទួល​បន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង​យុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនៃជំនួបនោះ លោក ថោង ខុន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវ​គម្ពីរអាថ៌កំបាំង​យុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូន​សម្ដេចមហាបវរធិបតី អំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពី​រអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការ​បានសម្រេច​ការងារសំខាន់ៗមួយចំនួន។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា គណៈកម្មការបានបែងចែក​ភារកិច្ចដល់ក្រុម​ជំនាញស្រាវជ្រាវ ទៅតាមប្រភេទនីមួយៗនៃក្បាច់គុនដូនតាខ្មែរ ដែលការស្រាវជ្រាវនោះ គឺពឹងផ្អែកលើប្រភពអរូបី ដែលរួមមានមរតកមនុស្សរស់ សម្រាប់ជាមូលដ្ឋាននៃការស្រាវជ្រាវ និងប្រភពរូបី ដែលមានសាស្ត្រាស្លឹករឹត វត្ថុបុរាណ សិលាចារឹកដែលមានឆ្លាក់នៅតាមប្រាសាទបុរាណនានា ព្រមទាំងប្រភពកម្លាំងធម្មជាតិ ដូចជាការស្រាវជ្រាវលើយ័ន្ត និង មន្តអាគមជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំនៅចុង ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាច់កាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់។

សម្ដេចបវរធិបតី បានសង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុតដែលចងក្រងអំពីយុទ្ធគុនដូនតាខ្មែរ។ ជាមួយគ្នានេះ គណៈកម្មការត្រូវសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុននីមួយៗ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបានបាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈកម្មការបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រភេទយុទ្ធគុណដូនតាខ្មែរ ដ៏សម្បូណ៌បែប។

ចំពោះការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យ
គណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយពីគ្រប់ប្រភទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតាខ្មែរយើង៕