(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានគិតគូរ និងយកចិត្តទុកដាក់ពាក់ព័ន្ធវិស័យអប់រំ ដោយបានលើកបញ្ជាក់ថា បញ្ហាអប់រំ ជាកត្តាចម្បង សម្រាប់អភិវឌ្ឍធនធានមនុស្ស ព្រមទាំងបង្កើនភាពកក់ក្តៅ ជូនឪពុកម្តាយអាណាព្យាបាលសិស្ស ក្នុងភូមិសាស្រ្តនៃស្រុកទឹកឈូ។

ឃើញដូច្នេះនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ រូបលោក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក បានចាត់លោក ទុយ រុំ អភិបាលរងស្រុក ដឹកនាំកម្លាំងនៃអធិការនគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះតាមដានសិស្សានុសិស្សគេចសាលាមិនចូលរៀនម៉ោងសិក្សា ព្រមទាំងត្រួតពិនិត្យរដ្ឋបាល អវត្តមានសិស្សនៅវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

អធិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារមួយចំនួន រួមមាន៖

*១៖ ណែនាំអាជីវករ ករណីលក់នំចំណីដែលខូចគុណភាព ឬក្រសួងហាមឃាត់។
*២៖ ហាមមិនឲ្យសិស្ស ផ្ញើម៉ូតូនៅក្រៅរបងសាលា។
*៣៖ ហាមមិនឲ្យមានអាជីវកម្មហ្គេម ល្បែង និងបុកប៊ីយ៉ា នៅជុំវិញរបងសាលា។
*៤៖ តេស្តស្វែងរកសារធាតុញៀនមុខសញ្ញាសិស្សមិនចូលថ្នាក់រៀន។
*៥៖ ត្រួតពិនិត្យអនាម័យបរិស្ថាន ពិសេសបន្ទប់ទឹក។
*៦៖ ត្រួតពិនិត្យបញ្ជីលេខទូរស័ព្ទអាណាព្យាបាលសិស្ស និងការអនុវត្តរបស់គ្រូករណីសិស្សអវត្តមាន។

ក្រោយពីក្រុមការងារខាងលើ បានចុះបំពេញការងាររួចមក ជាលទ្ធផល៖

១៖ ប្រមូលសិស្សបានចំនួន ៨នាក់ ស្រីចំនួន២នាក់ ម៉ូតូចំនួន៥គ្រឿង បានធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផលអវិជ្ជមាន។
២៖ ប្រមូលកង់ និងម៉ូតូដែលទុកនៅក្រៅរបងសាលាចំនួន៤៩គ្រឿង។
៣៖ ក្រុមការងារបានអប់រំណែនាំសិស្ស ដែលបានគេចម៉ោងរៀន ឲ្យឈប់ទៅប្រមូលផ្តុំគ្នានៅក្រៅសាលា និងម៉ូតូ កង់ ឲ្យយកមកទុកក្នុងសាលា។

ក្រោយអប់រំរួច ក្រុមកាងារបានប្រគល់សិស្ស ឲ្យលោកគ្រូអ្នកគ្រូអប់រំបន្ត។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោកអភិបាលស្រុកទឹកឈូ បានដឹកនាំកិច្ចប្រជុំទទួលការណែនាំលើការងារចាំបាច់មួយចំនួន និងដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗកន្លងមក សម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥ នៅតាមសាលារៀនរដ្ឋ និងសាលាឯកជន ក្នុងមូលដ្ឋានស្រុកទឹកឈូ ដោយមានវត្តមានចូលរួមប្រជុំ ពីសំណាក់លោកនាយក-នាយិកា សាលារៀនរដ្ឋ និងសាលារៀនឯកជន ទាំង៦៨សាលា ក្នុងស្រុកទឹកឈូ។

លោកអភិបាលស្រុកទឹកឈូ បានណែនាំឲ្យលោកនាយក-នាយិកាសាលាទាំងអស់ ត្រូវធ្វើការគ្រប់គ្រងអវត្តមានរបស់សិក្សានុសិស្ស នៅតាមសាលារៀនដោយមានលេខទូរសព្ទទំនាក់ទំនងរបស់អាណាព្យាបាលសិស្ស ក្នុងករណីសិស្សអវត្តមាន ដោយមិនមានលិខិតអនុញ្ញាតច្បាប់ ត្រូវទាក់ទងទៅអាណាព្យាបាលជាបន្ទាន់ ប្រការនេះ ដើម្បីទប់ស្កាត់ ការគ្រប់គ្រង ឬមានហានិភ័យ ពាក់ព័ន្ធមិនល្អណាមួយ ដែលកើតមានឡើងជាយថាហេតុ ដែលបង្កឲ្យមានផលប៉ះពាល់ ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់ ដល់សង្គមគ្រួសារ និងសង្គមជាតិ៕