(បន្ទាយមានជ័យ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ និងការតាំងលក់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងជុំវិញបរិវណគ្រឹះស្ថាន ចំណេះទូទៅសាធារណៈ និងឯកជននៅល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះដោយមានការចូលរួមលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោក ជាម សុក ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ, លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីរអប់រំជាង១០០នាក់។

ក្នុងកិច្ចប្រជុំនោះលោក ឈូ ប៊ុនរឿង បានអានសេចក្តីណែនាំ លេខ ៧១ អយក សណន ស្តីពី ការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវណ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេសជាដើម។

លោក ឈូ ប៊ុនរឿង បានបន្តទៀតថា យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់លើបញ្ហាសុខភាព របស់សិស្ស បង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងរបស់សិស្ស។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើក កម្ពស់សុខភាព អនាម័យ និងសុវត្ថិភាព ចំណីអាហារតាមសាលារៀន ដើម្បីពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី អាហារនៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន ក្រោយក្រសួងអប់រំបានសង្កេតឃើញថា អាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន នៅមិនទាន់អនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ តាមសេចក្ដីណែនាំនៅឡើយ។

ក្នុងកិច្ចប្រជុំបន្ទាន់នោះ លោក យឹមសំណាង បានឲ្យដឹងថា អនុវត្តតាមសេចក្តីណែនាំ លេខ ៧១ អយក សណន ស្តីពី របស់ក្រសួងអប់រំ៖

*ទី១៖ ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា
*ទី២៖ ត្រូវអនុវត្តឲ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក
*ទី៣៖ ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា
*ទី៤៖ ត្រូវអប់រំ ក្រើនរំឮក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេលគោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា
*ទី៥៖ ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំឲ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ
*ទី៦៖ ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាព ជាក់ស្ដែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរ
*ទី៧៖ ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីចូលរួមអនុវត្តសេចក្ដីណែនាំនេះសំដៅ ធ្វើឲ្យ «គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង» ឲ្យបានដាច់ខាត៕