(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយលោក សេន ម៉ាត់ណូ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក និងលោកមេឃុំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលទីតាំងដីធ្លីមួយកន្លែងនៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងមានទំនាស់ដើម្បីស្ដាប់នូវការរៀបរាប់របស់ភាគីទាំងសងខាង​នូវដើមរឿងដែលបង្ករឱ្យមានការប្ដឹងផ្ដល់។

បន្ទាប់ពីបានស្ដាប់នូវការរៀបរាប់របស់ភាគីទាំងសងខាងរួចមក លោកបណ្ឌិត បានសម្របសម្រួល និងមានប្រសាសន៍ផ្ដាំផ្ញើដល់ភាគីទាំងសង ត្រូវចេះយោគយល់គ្នា សាមគ្គីភាពគ្នា ដោយហេតុការប្ដឹងផ្ដល់​ពុំមានផលចំណេញ​អ្វីឡើយ ក្រៅពីធ្វើឱ្យខាតបង់ប្រាក់កាក់ ពេលវេលា និងអាចធ្វើឱ្យកូនចៅជំនាន់ក្រោយនៅតែបន្តក្ដីនេះទៀត។ ក្នុងនាមជាអ្នកកាន់សាសនាដូចគ្នា ត្រូវចេះអត់ឱនយោគយល់គ្នាទៅវិញទៅមក អ្វីដែលអាចបរិច្ចាគបានត្រូវតែបរិច្ចាគជៀសវាងការបង្ករឱ្យមានជម្លោះ ដែលធ្វើឱ្យមានការបែកបាក់សាមគ្គីគ្នា។

ក្នុងឱកាសនោះលោកបណ្ឌិត ហ៊ឺ វីរៈ បានកោតសរសើរបងប្អូនខ្មែរឥស្លាម តែងតែមានវិន័យក្នុងការរស់នៅ ការសិក្សារៀនសូត្រ និងអត្រាក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង គ្រោះថ្នាក់ចរាចរណ៍មានតិចបំផុត និងបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តពន្យល់អប់រំណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ពីការបរិភោគអាហារប្រកបដោយអនាម័យ សំអាតខ្លួនប្រាណ និងបរិស្ថាន ព្រោះវាជាចំណែកមួយធ្វើឱ្យប្រជាពលរដ្ឋជៀសផុតពីជំងឺនានា៕