(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ និងមន្ត្រីរាជការ តំណាងក្រសួងស្ថាប័នដែលជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គ សរុបប្រមាណ ៨៥រូប។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស ដោយបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់និងសកល និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីសម្រេចនូវគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈការបន្តការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ការអនុវត្តផែនការការងារឆ្នាំ២០២៥ ផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២៤-២០២៨ នឹងទទួលបានជោគជ័យជាបន្តទៀត ឆ្ពោះទៅសម្រេចចក្ខុវិស័យនៅថ្នាក់ជាតិ ដើម្បី «កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងក្របខណ្ឌ ទន្លេមេគង្គតែមួយ ស្មារតីតែមួយ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ» និងនៅថ្នាក់តំបន់ ដើម្បី «អាងទន្លេមេគង្គមានវិបុលភាពផ្នែកសេដ្ឋកិច្ច យុត្តិធម៌សង្គម បរិស្ថានល្អ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ»៕