(បាត់ដំបង)៖ ករណីក្មេងទំនើងដេញកាប់ចាក់គ្នានៅមាត់ស្ទឹងសង្កែត្រើយខាងកើត ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ស្រាវជ្រាវបង្ក្រាបបាន៤នាក់។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ហេតុការណ៍ក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏មានការចែកចាយសកម្មភាពវីដេអូនៅតាមបណ្ដាញសង្គមផងដែរ។
ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ត្រូវចាត់វិធានការជាបន្ទាន់លើករណីនេះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងបាននាំខ្លួនពួកគេចំនួន៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជន ដែលធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ៕