(តាកែវ)៖ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះទៅជួបសាកសួរដោយផ្ទាល់ជាមួយជនរងគ្រោះ២នាក់ប្ដីប្រពន្ធ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដែលត្រូវអ្នកស្រវឹងបើករថយន្ដបុកបណ្ដាលឲ្យរងរបួសធ្ងន់ ដើម្បីពន្លឿននីតិវិធីឆាប់បានសំណងរដ្ឋប្បវេណីពីភាគីជនបង្ក។
នៅចំពោះមុខជនរងគ្រោះ លោកស្រី ពេជ ម៉ារ៉ែន ក្រៅពីសន្យាជួយពន្លឿននីតិវិធីដើម្បីឲ្យឆាប់បានសំណងហើយនោះ លោកស្រីបានបញ្ជាក់អំពីចំណាត់ការតាមផ្លូវច្បាប់ ទៅលើភាគីជនបង្កដែលជាអ្នកបើករថយន្ដ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជ័យ ហើយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
អ្នកបើករថយន្ដឈ្មោះ នី សេរីសម្បត្តិ អាយុ២៥ឆ្នាំ ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបើករថយន្ដបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ចំនួន៧នាក់ នៅចំណុចផ្លូវក្រុងលេខ 12A ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យមានរបួសដល់អ្នកដទៃ»។
កាលពីថ្ងៃទី៣ ខែកុម្ភៈម្សិលមិញ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ស្នើសុំថ្នាក់ដឹកនាំជួយអន្ដរាគមន៍ដើម្បីពន្លឿននីតិវិធី ក្នុងការដោះស្រាយផ្ដល់សំណង។ ការចេញមកស្នើសុំអន្ដរាគមន៍នេះ ដោយសារតែពួកគាត់សម្របសម្រួលគ្នាជាមួយភាគីជនបង្កមិនត្រូវ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីដោះស្រាយតាមច្បាប់។ ពេលកំពុងរង់ចាំដំណោះស្រាយតាមផ្លូវតុលាការ ពួកគាត់ដែលស្ថិតក្នុងស្ថានភាពរងរបួស ដែលអាចឈានដល់ពិការភាព ក៏លែងមានលទ្ធភាពក្នុងការបង់ថ្លៃសម្រាកព្យាបាលនៅពេទ្យទៀតនោះទេ។
ឆ្លើយតបជាមួយសំណើនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍នេះភាគីទាំងពីរបានជជែកសម្របសម្រួលគ្នារឿង សំណងមិនត្រូវ ដោយសារសំអាងលើហេតុផលរៀងៗខ្លួន។ ទោះបីជាយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចបានសម្របសម្រួលជាមួយភាគីបង្ក ធ្វើយ៉ាងណាឲ្យជួយចេញថ្លៃព្យាបាលដល់ជនរងគ្រោះ។
ចំពោះការសម្រាកព្យាបាលវិញ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានសម្រេចលើកលែងថ្លៃព្យាបាលទាំងស្រុងចំពោះជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនេះ ហើយចំពោះប្រាក់ដែលបង់ថ្លៃសេវាតាំងពីថ្ងៃគ្រោះថ្នាក់ មន្ទីរពេទ្យក៏សម្រេចផ្ដល់ជូនទៅជនរងគ្រោះវិញផងដែរ។ នេះបើតាមលិខិតរបស់លោក តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត រាយការណ៍ជូនមន្ទីរសុខាភិបាលខេត្តតាកែវ។
សូមរំលឹកថា នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ដម៉ាក BMW 530i ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AY-2878 បើកបរដោយបុរសម្នាក់ឈ្មោះ នី សេរីសម្បត្តិ បើកបរក្នុងភាពស្រវឹងរេចង្កូតបុករះម៉ូតូ២គ្រឿង និងបន្តទៅបុករទេះលក់ដូររបស់ប្រជាពលរដ្ឋនៅចិញ្ចើមថ្នល់ នៅលើផ្លូវក្រុង ២A ស្ថិតនៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្ដតាកែវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៧នាក់៕