(ភ្នំពេញ)៖ លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្នាក់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះអគ្គាធិការស្តីទី មួយអន្លើដោយ ព្រះអគ្គាធិការរង ព្រះរាជាគណៈ មន្ត្រីសង្ឃតាមឋានានុក្រម និងមន្ត្រីរាជការជាថ្នាក់ដឹកនាំនៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ។

លោកបណ្ឌិត ចាយ បូរិន បានផ្តាំផ្ញើ ប្រគេនពរ និងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូបឱ្យប្រឡងជាប់ទាំងអស់ ដោយប្រើសមត្ថភាពផ្ទាល់ខ្លួនពិតៗ គឺចេះជាប់ ដើម្បីចូលរួមទ្រទ្រង់ធម៌វិន័យនិងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន ក៏ដូចជាចូលរួមជួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍជាតិ ដែលទទួលបានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក៏ដូចជាសម្តេចព្រះអគ្គាធិការរង និងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ វិស័យពុទ្ធិកសិក្សានឹងបន្តរីកចម្រើនឈានទៅមុខ ស្រមតាមការរីកចម្រើនរបស់ប្រទេសជាតិយ៉ាងពិតប្រាកដ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥-៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន៣មណ្ឌល និងមានបេក្ខសមណៈ បេក្ខជនសរុបចំនួន១,១៤៥អង្គ/នាក់៖
១-មណ្ឌលពុទ្ធិកអនុវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ មានបេក្ខសមណៈ បេក្ខជន ចំនួន៥៩៨អង្គ/នាក់
២-មណ្ឌលពុទ្ធិកអនុវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង មានបេក្ខសមណៈ បេក្ខជន ២៨៨អង្គ/នាក់
៣-មណ្ឌលពុទ្ធិកអនុវិទ្យាល័យ សម្តេច ជួន ណាត ខេត្តកំពង់ចាម មានបេក្ខសមណៈ បេក្ខជន ២៥៩អង្គ/នាក់។

ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន១៣មុខវិជ្ជា៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះវិន័យនិងអភិធម្ម គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងភាសាអង់គ្លេស។

គួររំលឹកដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ គ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានធ្វើការរឹតបន្តឹងនៅគ្រប់មណ្ឌលសំណេរទាំងអស់ ដោយអនុវត្តយ៉ាងតឹងរឹងបំផុត តាមព្រះរាជបន្ទូលសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «ពុទ្ធិកសិក្សាគឺជាអាយុជីវិតនិងជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនាខ្មែរ។ ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈវិស័យពុទ្ធិកសិក្សា ត្រូវយកគុណភាពជាចម្បង កុំយកតែបរិមាណ ដោយហេតុថា ប្រមុខរាជរដ្ឋាភិបាល លោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពទី១ លើការអភិវឌ្ឍមូលធនមនុស្ស»