(ឧត្តរមាជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងណែនាំដល់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវធ្វើការសហការគ្នាតាមដានជាប្រចាំ ក្នុងករណីខ្វះខាត ឫក៏ប្រឈមនឹងការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករយើង ដើម្បីមានវិធានការជួយអន្តរាគមន៍ បានទាន់ពេលវេលាជូនពួកគាត់។
ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារនិងអាជ្ញាធរមូលដ្ឋានក្នុងស្រុកចុងកាល់ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវរដូវប្រាំង ២០២៤ - ២០២៥ ការងារកាយប្រឡាយនាំទឹកប្រវែង ១ ២១៧ ម៉ែត្រ និងការតម្លើងម៉ាស៊ីនជួយអន្តរាគមន៍បូមទឹក ចូលអាងទឹកចុងកាល់ ដើម្បីត្រៀមជួយសង្រ្គោះស្រូវប្រាំងចំនួន ២៦០ ហិកតា ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់។
នៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ជាមួយនឹងការផ្តាំផ្ញើដល់បងប្អូនយើងត្រូវជួយសន្សំសំចៃការប្រើប្រាស់ទឹក និងប្រើឱ្យចំគោលដៅ ចៀសវាងការប្រើប្រាស់ទឹកដោយខ្ជះខ្ជាយ ដោយសាររដូវប្រាំងយើងនៅអូសបន្លាយពេលវែងទៀត ទម្រាំរដូវវស្សាចូលមកដល់។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យ បានថ្លែងថា តាមផែនការ គឺឱ្យប្រជាកសិករធ្វើស្រូវប្រាំង ឆ្នាំ២០២៤-២០២៥នេះ តែចំនួន៥ ៤៩ហិកតាទេ ប៉ុន្តែគិតមកដល់ពេលនេះ សរុបទូទាំងខេត្តឧត្តរមានជ័យ គឺប្រជាពលរដ្ឋរបស់យើង បានធ្វើស្រូវប្រាំងរហូតដល់ចំនួន១៩៣៣ហិកតា ប៉ុន្តែមកដល់ពេលនេះ ក៏ពុំទាន់មានកន្លែងណាមួយដែលប្រឈមនឹងការខ្វះខាតទឹកនៅឡើយទេ។
លោកប្រធានមន្ទីរថ្លែងបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងលោកអភិបាលខេត្តឧត្តរមានជ័យ មន្ទីរធនធានទឹកបានចាត់វិធានការត្រៀមទុកជាស្រេច បានយកអេស្កាចំនួន២គ្រឿង ប៊ុល១គ្រឿង កាយប្រឡាយប្រវែង ១ ២១៧ម៉ែត្រ ដើម្បីអូសទឹកពីអាងទឹកស្ទឹងស្រែងទី១ បូមដាក់អាងទឹកចុងកាល់ សម្រាប់ទម្លាក់ទៅស្រោចស្រពស្រែកសិករចំនួន ២៦០ហិកតា ដោយពេលនេះ យើងបានតម្លើងម៉ាស៉ីនបូមទឹក ១គ្រឿងផងដែរ ក្នុងទិសដៅត្រៀមបង្កាសង្រ្គោះស្រូវ ២៦០ហិកតា ប្រសិនបើមានការខ្វះខាតទឹកនៅពេលខាងមុខ។ តាមការបញ្ជាក់ របស់លោកប្រធានមន្ទីរ បច្ចុប្បន្ននេះ នៅទូទាំងខេត្តឧត្តរមានជ័យ ពុំទាន់មានកន្លែងណាមួយប្រឈមនឹងបញ្ហាកង្វះទឹកនៅឡើយទេ។
ដោយឡែកលោក សូត្រ ស៉ីសុខឃាង ប្រធានមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យបានថ្លែងថា តាមយៈការដឹកនាំផ្ទាល់របស់លោកអភិបាលខេត្តនាពេលនេះ គឺទទួលបានសំណូមពរពីប្រជាកសិករយើងនៅចំណុចចំនួន។ ក្នុងនាមមន្ទីរកសិកម្ម លោកបានថ្លែងណែនាំដល់មន្ត្រីកសិកម្មតាមស្រុក បន្តផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រជាកសិករ ដោយឡែកប្រជាកសិករសូមមានការជឿទុកចិត្ត ប្រសិនបើមានបញ្ហាអ្វីសូមពីគ្រោះជាមួយមន្ត្រី ទៅលើការងារបច្ចេកទេស ទៅលើការងារដាំដុះប្រភេទស្រូវប្រើជី ដើម្បីឱ្យការដាំដុះរប់ស់យើងស្របតាមលក្ខណៈបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់។
លោក សូត្រ ស៉ីសុខឃាង ក៏បានថ្លែងលើកឡើងប្រាប់ប្រជាកសិករពីបញ្ហាតម្លៃស្រូវ ដោយលោកនឹងធ្វើការជាមួយរោងម៉ាស៉ីនកិនស្រូវ ដើម្បីពិចារណាលើការទិញស្រូវរបស់ប្រជាកសិករ ឱ្យស្របតាមតម្លៃទីផ្សារជាក់ស្តែង ដើម្បីឱ្យបងប្អូនយើងលក់បានក្នុងតម្លៃល្អ។
នៅក្នុងឱកាសនេះដែរ បងប្អូនប្រជាកសិករនៅស្រុកចុងកាល់ ក៏ដូចជាប្រជាកសិករនៅទូទាំងខេត្តឧត្តរមានជ័យ បានសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាកសិករទូទាំងប្រទេស ជាពិសេសសូម្បីតែខេត្តឧត្តរមានជ័យ ដែលមិនទាន់មានបញ្ហាប្រឈមជាមួយការខ្វះខាតទឹកក្នុងការធ្វើស្រែក៏ពិតមែន តែសម្តេចនៅតែគិតគូរតាមដានយ៉ាងយកចិត្តទុកដាក់។
ជាក់ស្តែង លោកអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារជំនាញ កសិកម្ម ធនធានទឹក ចុះមកពិនិត្យមើលដោយផ្ទាល់ ដើម្បីធ្វើការដោះស្រាយត្រៀមបម្រុងទុកក្នុងករណីប្រជាកសិករមានការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ៕