(កំពង់ធំ)៖ ព្រះទេពសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ បានមានសង្ឃដីកាថា ពុទ្ធិកសិក្សាជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។
ព្រះអង្គបានមានសង្ឃដីកាដូច្នេះ នៅក្នុងឱកាសដែលព្រះអង្គបាននិមន្តជាព្រះអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ព្រះអង្គបានបញ្ជាក់បន្ថែមថា ព្រះគ្រូចៅអធិការ លោកអាចារ្យគណកម្មការ ត្រូវពង្រឹងគុណវុឌ្ឍិព្រះសង្ឃគ្រប់អង្គ ឱ្យសិក្សារៀនសូត្រ ការបដិបត្តិសាសនា ឱ្យបានខ្ជាប់ខ្ជួន ការគ្រប់គ្រងវត្តមាន ការបញ្ជូនព្រះសង្ឃទៅសិក្សារៀនសូត្របន្ត នៅក្រៅវត្តការរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរវាង ព្រះសង្ឃ លោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីវឌ្ឍនភាពវត្តអារាមនិងព្រះពុទ្ធសាសនា។
ជាមួយនេះផងដែរ ព្រះអង្គ បានណែនាំដល់ព្រះសង្ឃព្រះគ្រូចៅអធិកាលោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវជ្រើសរើស ព្រះគ្រូចៅអធិការវត្ត ត្រូវមាននាយកធម៌៦យ៉ាង ដើម្បីគ្រប់គ្រងដឹកនាំវត្តឱ្យបានរីកចម្រើន និងជាសសរទ្រូងពុទ្ធសាសនាដ៏រឹងមាំបំផុត។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំកែលម្អបរិស្ថានវត្តឱ្យក្លាយជាកន្លែងទេសចរណ៍វប្បធម៌សាសនា ប្រកបដោយសោភ័ណភាព មានប្លង់អភិវឌ្ឍ រចនាសម្ព័ន្ធប្លង់មេ ជាវត្តដែលស្រស់បំព្រងដោយធម្មជាតិពណ៌បៃតងនៃសួនច្បារ និងជាថ្នាលអប់រំ ហើយត្រូវពិនិត្យកាយសម្បទា និងបុគ្គលិកលក្ខណៈអ្នកបួសមុននឹងបំបួស បានមកចិត្តជៀសវាងរឿងហេតុមិនប្រក្រតីកើតឡើង ឬនាំឱ្យអាប់អោនដល់ព្រះពុទ្ធសាសនា។
លើសពីនេះលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្ត គ្រប់វត្តក្នុងស្រុកស្ទោងត្រូវអនុវត្ត អភិក្រម៣នៃក្រសួងធម្មកានិងសាសនា ឱ្យខាងតែបាន និងតម្កល់វត្តអារាមឱ្យបរិស្ថានស្អាត ទីកន្លែងអប់រំ វប្បធម៌ សីលធម៌ ចរិយាធម៌ស្ងប់ដោយគ្មាន ទំនាស់ ឬអំពើហឹង្សា ផ្សេងៗ ហើយព្រះសង្ឃមិនត្រូវទៅកាន់ទីអគោចរដ្ឋាន ជាពិសេសបញ្ឈប់ការដើរនិងនិមន្តរៃអង្គាសបច្ច័យតាមទីសាធារណៈ ណែនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាប់អោនព្រះពុទ្ធសាសនា ជំរុញឱ្យបានធ្វើចុះបញ្ជីផ្លូវការប្លង់វត្តគ្រប់ៗវត្ត៕