(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំលើកទឹកចិត្តសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងក្រេបជញ្ជក់នូវចំណេះដឹងដែលផ្តល់ដោយលោកគ្រូ អ្នកគ្រូ និងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដើម្បីកសាងខ្លួនឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

លោក នួន ផារ័ត្ន ថ្លែងនៅក្នុងពិធីសម្ពោធអគារបណ្ណាល័យកិត្តិកោសល​បណ្ឌិត ងួន ញ៉ិល និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន តាំងគោក ដោយមានការអញ្ជើញចូលរួមពី លោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និសិស្សានុសិស្សជាច្រើននាក់ផងដែរ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក បានបន្ថែមទៀតថា សមិទ្ធផលថ្មីដែលបានសម្ពោធនៅពេលនេះ នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញការកសាងធនធានមនុស្ស ប្រកបដោយសីលធម៌ និងគុណធម៌ ដើម្បីក្លាយជាដើមទុនដ៏ចាំបាច់ក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា។ ទន្ទឹមនឹងនេះ សូមគណៈគ្រប់គ្រងសាលា សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងពង្រឹងការអនុវត្តវិន័យផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់បំផុត ទប់ស្កាត់ឲ្យបញ្ហាក្មេងទំនើងក្នុងសាលារៀន។

លោកបានថ្លែងអំណរគុណលោកកិត្តិកោសលបណ្ឌិត ងួន ញ៉ិល និងលោកស្រី លោក ឈន សារ៉ាណេ និងលោកស្រី រួមទាំងសប្បុរសជន ដែលតែងតែឧបត្តម្ភគាំទ្រសាងសង់អគារបណ្ណាល័យនេះ ដើម្បីធានានូវការទទួលបានការអប់រំដែលមានគុណភាពខ្ពស់ ដែលអាចកសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយមនសិកាវិជ្ជាជីវៈ និងសមត្ថភាពជំនាញពិតប្រាកដលើគ្រប់វិស័យ ជាប្រយោជន៍ដល់ការកសាងសង្គមជាតិមួយដែលមានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនាទាំងក្នុងសង្គមជាតិ និងនៅក្នុងក្រុមគ្រួសារ។

លោក នួន ផារ័ត្ន បន្តចុះពិនិត្យស្ថានភាពទីតាំងសាលាវិទ្យាល័យទ្រៀល ស្ថិតនៅស្រុកតាំងគោក ដែលអគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម ព្រមទាំងខ្វះអាគារសិក្សា ព្រមទាំងមានបរិមាណសិស្សកើនឡើងជាលំដាប់៕