(ពោធិ៍សាត់)៖ ក្នុងនាមជាអតីតគ្រូបង្រៀន និងជាអតីតនាយកសាលាម្នាក់, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់បុគ្គលិកអប់រំ និងមន្ត្រីកិច្ចសន្យា ទូទាំងស្រុកវាលវែង ត្រូវចែករំលែកនូវបទពិសោធ និងបំនិនល្អៗ ដល់កូនក្មួយសិស្សានុសិស្សឱ្យមានការចូលរួមសម្អាតអនាម័យ បរិស្ថាន និងចេះរៀបចំសោភណភាព សណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅសាលា ជាគំរូដល់សាលាផ្សេងៗទៀត ដែលជាផែនការមួយឆ្ពោះទៅរកគោលដៅស្រុកវាលវែង និងខេត្តពោធិ៍សាត់ នឹងគ្មានសំរាមទៅថ្ងៃអនាគត។

លោកអភិបាលខេត្តបានជំរុញបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែករំលែកបទពិសោធមួយចំនួន ជូនដល់បុគ្គលិកអប់រំ និងមន្ត្រីកិច្ចសន្យា ព្រមទាំងសិស្សានុសិស្សប្រមាណជាង៤០០នាក់ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រមោយ។

លោក ខូយ រីដា បានជម្រាបជូនថា យើងទាំងអស់មានឱកាសបានជួបជុំគ្នានាពេលនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយថាមពល របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សមិទ្ធផលនានាដែលមាននៅក្នុងទឹកដីខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែកសមិទ្ធផលក្នុងស្រុកវាលវែង ជាក់ស្តែងដូចជាអគារសិក្សាកម្ពស់៣ជាន់ រួមទាំងអគារទីចាត់ការ និងអន្ទេរវាសិកដ្ឋាន ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយនេះ គឺកើតឡើងដោយសារកត្តាសន្តិភាព និងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនជាកាដូរពិសេស ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ កាលពីអំឡុងឆ្នាំ២០២០។

លោកអភិបាលខេត្តបន្តថា សមិទ្ធផលដែលយើងទទួលបាននេះទៀតសោធ គឺយើងទាំងអស់គ្នាត្រូវចេះថែទាំ ជួសជុល សម្អាត ដើម្បីបានប្រើប្រាស់យូរអង្វែង តកូនតចៅជំនាន់ក្រោយ។ ឆ្លងកាត់ការពិនិត្យជាក់ស្តែងឃើញថា បរិស្ថានរ៉បផ្លូវចូល និងក្នុងសាលារៀន គឺមានការខ្វះចន្លោះច្រើន ដែលទាមទារឱ្យគណៈគ្រប់គ្រងសាលា ត្រូវមានការបំផុសចលនាជួសជុលបំពេញបន្ថែម ឱ្យកាន់តែមានសោភណ្ឌភាព សាកសមជាសាលារបស់សម្តេចទាំងទ្វេរ។

លោកបានសង្កត់ធ្ងន់ថា មិនត្រឹមតែវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយប៉ុណ្ណោះទេ គឺគ្រប់សាលាទាំងអស់ នៅទូទាំងស្រុកវាលវែង ត្រូវចូលរួមសម្អាតអនាម័យ បរិស្ថាន នឹងត្រូវចងចាំថា សាលាស្អាត គឺផ្តើមចេញពីការគ្រប់គ្រង ប្រកបដោយភាពប៉ិនប្រសព្វ និងចេះឆ្នៃប្រឌិត។

នៅចំពោះមុខនេះ លោកសូមយកឱកាសផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ និងកូនក្មួយសិស្សានុសិស្ស ឱ្យចូលរួមទប់ស្កាត់បញ្ហាភ្លើងឆេះព្រៃ អភិរក្សតំបន់អន្ទង់អាំង ស្រឡាញ់ធនធានធម្មជាតិ ផ្តល់ភាពប៉ៃតងជាជម្រកដល់មនុស្សសត្វ ជាពិសេសត្រូវបណ្តុះគំនិតឱ្យមានគុណធម៌ ចរិយាធម៌ដែលជាទម្លាប់ដ៏ល្អរបស់កូនខ្មែរ។

បើតាម លោក ហៀម ហុន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកវាលវែង បានឱ្យដឹងថា ស្ថានភាពវិស័យអប់រំក្នុងស្រុកវាលវែង ក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានលទ្ធផលល្អប្រសើរ ដោយសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់បានចំនួន១០៨នាក់ ស្រី៦៧នាក់ ស្មើនឹង៨៤% ដោយទទួលបាន និទ្ទេសA ចំនួន៣នាក់ ស្រី៣នាក់, និទ្ទេសB ចំនួន៧នាក់ ស្រី៤នាក់, និទ្ទេសC ចំនួន២៦នាក់ ស្រី១៦នាក់, និទ្ទេសD ចំនួន២២នាក់ ស្រី១៥នាក់ និងនិទ្ទេសE ចំនួន៣៣នាក់ ស្រី១៩នាក់។

ស្រុកវាលវែងមានសាលាសរុប៥៩សាលា បែងចែកចេញជាវិទ្យាល័យ២ អនុវិទ្យាល័យចំនួន៤ សាលាបឋមសិក្សាចំនួន៣៨ និងមតេយ្យសិក្សាចំនួន១៥ ដែលមានគ្រូបង្រៀនក្របខ័ណ្ឌចំនួន១៧៦នាក់ ស្រី៥២នាក់ (ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ចំនួន១២នាក់ ស្រី៤នាក់ គ្រូបង្រៀនកម្រិតមូលដ្ឋាន៥១នាក់ ស្រី១១នាក់ គ្រូបង្រៀនកម្រិតបឋម១០៧នាក់ ស្រី២២នាក់) និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន១២៨នាក់ ស្រី៧៩នាក់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សិស្សានុសិស្ស ចូលរៀនសរុបចំនួន ៩,៦៥៥នាក់ ស្រី៤,៦៩៩ នាក់ បែងចែកជាថ្នាក់មធ្យមសិក្សាចំនួន ១,៧០៩នាក់ ស្រី៩៩៥នាក់, ផ្នែកបឋមសិក្សាចំនួន៦,៨៤២នាក់ ស្រី៣,២៥២នាក់ និងផ្នែកមតេយ្យសិក្សាចំនួន ៧៨៥នាក់ ស្រី៣៩២នាក់។ បច្ចុប្បន្នសាលារៀនក្នុងស្រុកវាលវែង មានបញ្ហាប្រឈមធំនោះ គឺនៅសាលារៀនមួយចំនួននៅពុំទាន់មានអគារសមរម្យ គ្រប់គ្រាន់ សម្រាប់ឱ្យសិស្សានុសិស្សបានរៀនសូត្រ និងខ្វះបណ្ណាល័យជាដើម៕