(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវចាប់ពីចំណុចគល់ស្ពានថ្មថ្មី (ស្ពានកំពង់បាយ) រហូតដល់រង្វង់មូលត្រីផ្សោត កំណាត់ផ្លូវប្របមាត់ព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ដើម្បីត្រៀមរៀបចំលើកកម្ពស់គុណភាព ដោយអ៊ុតកៅស៊ូ AC បន្ថែម លើផ្លូវចាស់ដែលបានអ៊ុតកៅស៊ូ AC ម្តងរួចមកហើយ ដើម្បីធានាឱ្យបាននៅភាពធន់ និងប្រើប្រាស់បានយូរបន្តទៀត។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានលក្ខណៈបច្ចេកទេស ពិសេសអំពីគុណភាពផ្លូវមួយខ្សែនេះ ឱ្យបានល្អិតល្អន់បំផុត ព្រោះយើងត្រូវការប្រើប្រាស់រយៈពេលយូរទៅមុខបន្តទៀត។

លោកអភិបាលខេត្តក៏បានធ្វើការជំរុញដល់ក្រុមការងារបច្ចេកទេស ពិសេសក្រុមហ៊ុនម៉ៅកាស្ថាបនាផ្លូវនេះ ត្រូវពន្លឿនធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយពេលរួចរាល់ត្រូវគូសគំនូសចរាចរណ៍ឡើងវិញជាថ្មីផងដែរ ព្រោះផ្លូវនេះគឺជាផ្លូវដែលមមារញឹកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕