(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់កម្ពុជា ធ្វើបានសម្រេចហើយដោយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ម៉ឺនដុល្លារពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយនឹងជ័យជំនះទៅលើទីម័រឡេស្តេ ៣-២ ដែលទើបបញ្ចប់មុននេះ គ្រាដែលឡាវ បានយកឈ្នះប្រ៊ុយណេ ដោយលទ្ធផល ៤-៣ នៅស្តាត RSN។
គោព្រៃកម្ពុជា ពិតជាធ្វើបានល្អមែនទែន តាមរយៈលេង៣ប្រកួតក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិកឈ្នះទាំងអស់ ជាមួយនឹងជ័យជំនះចុងក្រោយទៅលើក្រុមទីម័រឡេស្តេ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឹននាក់ ដោយបាននាំមុខ ១-០ ត្រឹមចាប់ផ្តើមបាន ២នាទី ដោយកីឡាករ ទិត្យ ឌីណា និងគ្រាប់ទី២ ដោយមិត្តរួមក្រុម ចាន់ វឌ្ឍនាកា មុនពេលរបូត២គ្រាប់វិញនៅនាទីទី២០ ដោយបាល់ប៉េណាល់ទី និងនាទី៣៥ ក្នុងវគ្គទី១។
តែយ៉ាងណាក៏ដោយ កីឡាករឆ្នើមប្រចាំក្រុម ចាន់ វឌ្ឍនាកា ពាក់ស្លាកលេខ១១ រកគ្រាប់ជ័យជំនះនៅនាទី៧៨ និងឡើងទៅវគ្គចែកពូលក្នុងពូល B ដោយមានវៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា គ្រាដែលពូលមាន ៤ក្រុម ដូចគ្នាគឺ ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះហ្វីលីពីន ដែលនឹងចាប់ផ្តើមប្រកួតសន្សំពិន្ទុនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦៕