(ក្រចេះ)៖ កូនៗសមត្ថកិច្ចដែលឈរជើងនៅក្នុងស្រុកស្នួល ខេត្តក្រចេះហើយមើលឃើញសកម្មភាពបទល្មើស នៃការនាំឈើប្រណីតចេញ ទៅប្រទេសវៀតណាម​តាមច្រករបៀងរាល់ថ្ងៃ ជ្រកក្រោមរូបភាពប្រជាពលរដ្ឋក្រីក្រ រកសុីដឹកតាមម៉ូតូតិចតួចនោះ បានលួចខ្សឹប ថាតាមពិតដឹកឈើតាមម៉ូតូទ្រុងទ្រាយតិចតួចមែន តែកុំភ្លេចថាប្រជាជនគ្រាន់តែជាអ្នកសុីឈ្នួលដឹកយកកម្រៃប៉ុណ្ណោះ ចំណែក ម្ចាស់ឈើសុទ្ធតែជាឈ្មួញ និងមន្ត្រីគ្រាក់ៗនៅពីក្រោយខ្នងនៃបទល្មើសនេះមានទាំងមន្ត្រីព្រំដែនរបស់ប្រទេសវៀតណាមចូលរួម ឃុបឃិតគ្នាជាប្រព័ន្ធទៀតផង ទើប​អាចប្រព្រឹត្តបទល្មើសនេះ​បានដោយក្នុងមួយថ្ងៃមានឈើប្រណីត​រាប់សិបម៉ែត្រគូបឯណោះត្រូវ បានគេនាំចេញ។

មន្ត្រីសមត្ថកិច្ចតូចតាចឈរជើង នៅតាមដងផ្លូវចូលទៅមាត់ច្រកទ្វារព្រំដែន ដែលទំនងមិនទទួលបានចំណែក ហើយដឹងនិងមើលឃើញសកម្មភាពបទល្មើសដឹក​ជញ្ជូនឈើប្រណីត នាំចេញ​ទៅប្រទេសវៀតណាម តាម​ច្រករបៀងរាល់ថ្ងៃ បាននិយាយ ប្រាប់នាយខ្វែកនៅហាងកាហ្វេក្បែរចិញ្ចើមផ្លូវ(ម្ដុំ៨៨)ថា​ មួយថ្ងៃៗ តាំងពីព្រលឹមទល់យប់ មានម៉ូតូដឹកឈើប្រណីតគ្រប់ប្រភេទចូលតាមច្រកព្រំដែនទៅប្រទេសវៀតណាម មួយថ្ងៃៗខ្ទង់៣០០ ទៅ៤០០ម៉ូតូ ដោយម៉ូតូមួយគ្រឿងដឹកឈើពី៣ទៅ៤ដុំ ខ្លះច្រើនជាងនេះទៅតាមទំហំឈើតូចឬ ធំ ដូចឃើញក្នុងរូបភាពដែលភ្នាក់ងារ Fresh News ទៅថតរូបភាពបាន​ជាក់ស្ដែងស្រាប់។

សមត្ថកិច្ចខាងលើបានអះអាងបន្តថា សកម្មភាព ដឹកជញ្ជូនឈើប្រណីតនាំចេញទៅប្រទេសវៀតណាមនេះ ថ្នាក់លើមិនឲ្យបង្ក្រាប និងទប់ស្កាត់នោះទេ ដោយសំអាងថា ប្រជាជនក្រីក្រដឹកតិចតួចគ្រាន់ដោះស្រាយជីវភាពប៉ុណ្ណោះ តែធាតុពិតថ្នាក់លើរបស់ពួកគេ នៅក្នុងស្រុកស្នួល​ទាំងអស់ សុទ្ធតែទទួលបានចំណែកប្រចាំខែពីឈ្មួញឈើ​ទាំងអស់នោះ រហូតដល់ថ្នាក់ខេត្តទៀតផង។ សមត្ថកិច្ចរូបនេះបានបន្តថានៅស្រុកស្នួល​បច្ចុប្បន្នមានមេៗ​សមត្ថកិច្ច បីបួននាក់គឺជាឈ្មួញរកសុីឈើដ៏ធំ និងជាម្ចាស់ឈើដែលជួលឲ្យប្រជាជន​ក្រីក្រដឹកតាមម៉ូតូ ទាំងអស់នោះ​ដោយពួកគេ​ឃុបឃិតគ្នា ជាប្រព័ន្ធទើបអាចដឹកឈើទៅលក់អោយឈ្មួញវៀតណាមបាន ហើយសូម្បីតែសមត្ថកិច្ចនៅប្រទេសវៀតណាមក៏ចូលរួមពាក់ព័ន្ធជាមួយ នឹងបទល្មើសឈើប្រណីតដឹកពីកម្ពុជាទៅដែរ។

ពាក់ព័ន្ធបទល្មើសដឹកជញ្ជូនឈើប្រណីត នាំយកទៅលក់នៅប្រទេសវៀតណាម ដោយចេញតាមច្រករបៀងតាមដេ៣ ដេ៤ ជាលក្ខណៈប្រព័ន្ធនេះ ត្រូវបានអ្នកដឹងរឿងប្រាប់ឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញ​ ដែលគេស្គាល់ថា ភាគច្រើនជាមេៗ​សមត្ថកិច្ចនៅក្នុងខេត្តក្រចេះ និងស្រុកស្នួលបានឃុបឃិតគ្នាកាប់ឈើពីក្នុងព្រៃនៅក្នុងខេត្ត និងអាចជាឈើកាប់ពីក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីទៀតផង រួចហើយ​ដឹកយកមកដាក់នៅក្បែរផ្លូវក្នុងដីឯកជន​ដែលមិនអនុញ្ញាតឲ្យអ្នកដ៏ទៃចូលទៅបានឡើយ បើគ្មានការអនុញ្ញាត រួចហើយទើបប្រើរូបភាពឲ្យប្រជាពលរដ្ឋក្រីក្រទៅ​ដឹកជញ្ជូនតាមម៉ូតូ ចេញ​តាមផ្លូវ​ជាតិ​ឆ្ពោះមកផ្លូវមាត់ច្រកទ្វារព្រំដែន។

លុះពេលមកដល់ចំណុច មុខទីបញ្ជាការនគរបាលវរៈការពារព្រំដែន​គោកលេខ៦១៩ រហូតដល់មុខទីបញ្ជាការយោធាកងអនុសេនាធំលេខ១ ចំណុះ​ឲ្យវរៈយោធា ការពារព្រំដែនគោកលេខ២០៤ ដែលនៅសល់៧-៨គីឡូម៉ែត្រទៀតដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៅខាងឆ្វេងដៃមានផ្លូវ ដីក្រហមបីបួនផ្លូវបត់​ចូលទៅតាមច្រក​របៀង ហើយប្រជាពលរដ្ឋដែលសុីឈ្នួលដឹកឈើបានបើកចូលយកទៅទំលាក់ចោលនៅក្នុង ដីចំការកៅស៊ូឯកជនដែលមិនអនុញ្ញាតឲ្យអ្នកក្រៅចូលឡើយ ក្រៅតែពីម៉ូតូដឹកឈើ និងមានទាហាន នគរបាល​ស្ពាយ​កាំភ្លើងឈរយាម និងឈរយកលុយច្រូងច្រាងទៀតផង។ ក្រោយទំលាក់ឈើបានច្រើនហើយ ទើបគេប្រើរថយន្តឆ្នៃ ឬគោយន្តដឹកឈើបន្តទៅចេញតាមច្រក របៀងដេ៣ ដេ៤ យកទៅដាក់​នៅក្នុងឃ្លាំង​របស់គយ ប្រទេសវៀតណាម នៅមាត់ច្រកអន្តរជាតិហ័រលឺ ឈមនឹងច្រកត្រពាំងស្រែខាងទឹកដី ខ្មែរយើង។

ពេលគយប្រទេសវៀតណាមថ្លឹងបង់ពន្ធនាំចូលហើយ ទើបគេលើកឈើដាក់ចូល​កុងតឺន័រដឹកចេញទៅ តែគយ និងសមត្ថកិច្ច វៀតណាមក៏ចូលរួមឃុបឃិតពុករលួយ នៅក្នុងបទល្មើសនាំឈើប្រណីតចូលពីទឹកដីកម្ពុជានេះដែរ ព្រោះទំនិញដែលនាំចូលពីកម្ពុជាទ្រុងទ្រាយធំគឺអនុញ្ញាតឲ្យនាំ​ចូលតាមមាត់ច្រកស្របច្បាប់ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនាំចូលតាមច្រករបៀងនោះទេ។ ដូច្នេះដើម្បីបំភ័ន្ត ភ្នែកថ្នាក់លើ មន្ត្រីវៀតណាមនៅមាត់ច្រកព្រំដែនអន្តរជាតិហ័រលឺបានយករថយន្ត និងគោយន្តឆ្នៃគ្របតង់ពីលើបើកវង់ឆ្លងកាត់ខ្លោងទ្វារ ច្រកព្រំដែនហើយបើកចូលទៅវិញដើម្បីថតរូបភាពបន្លំធ្វើជារថយន្តដឹកឈើ នាំចូលពីប្រទេសកម្ពុជា តាមមាត់ច្រកអន្តរជាតិស្របច្បាប់។

ក្នុងនោះតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ឈើប្រណីតដែលឈ្មួញនាំចេញ តាមច្រករបៀងដេ៣ ដេ៤នេះ មិនមែនមានដឹកតែតាមម៉ូតូនោះទេ នាំចេញដោយដឹកតាមរថយន្តធំៗ ដូចជារថយន្តយីឌុបក៏មានដែរ គ្រាន់តែមិនដឹកនាំចេញរាល់ថ្ងៃដូចដឹកតាមម៉ូតូ។

អ្នកពាក់ព័ន្ធបទល្មើសនាំឈើប្រណីតចេញទៅប្រទេសវៀតណាម តាមច្រករបៀងខាងលើនេះ ត្រូវបានគេអះអាងថាមានឈ្មោះ គង់ ក្រឹង អនុវរៈយោធាការពារព្រំដែន​គោកលេខ២០៤ ឈ្មោះហោ លៀង ជាមន្ត្រីយោធាដែលមាន​ដីចំការកៅស៊ូនៅតំបន់ព្រំដែន​ក្បែរច្រករបៀង ដេ៣ ដេ៤ ដោយដីចំការកៅស៊ូឯកជននេះត្រូវបានគេអះអាងថា គឺជាទីតាំងស្តុកឈើសំរាប់នាំចេញ ហើយនៅតំបន់នោះ​ក៏មានព្រៃ​ឈើ​សំរាប់កាប់ស្រាប់ផងដែរ ដោយគ្មានអ្នកណាចូលទៅបានឡើយបើគ្មាន​ការអនុញ្ញាតទេនោះ។ ក្រៅពីឈ្មោះខាងលើក៏នៅមានមន្ត្រីនគរបាល នៅវរៈការពារព្រំដែន​គោកលេខ៦១៩ និងសមត្ថកិច្ច​ផ្សេងៗ​ទៀត​ក៏មានពាក់ព័ន្ធដូចគ្នា ព្រោះរាល់ពេលម៉ូតូដឹកឈើបើកទៅដល់មុខទីបញ្ជាការ សុទ្ធតែឈប់បង់លុយគ្មានអោយរួចមួយគ្រឿងទេ។

ពាក់ព័ន្ធព័ត៌មានខាងលើ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីមន្ត្រី យោធាដែលរងនូវការចោទ​ប្រកាន់ពាក់ព័ន្ធបទល្មើស​នាំឈើប្រណីតយក​ទៅលក់នៅ​ប្រទេសវៀតណាមនេះបានឡើយ ព្រោះគ្មានលេខទូរស័ព្ឌ សំរាប់ទាក់ទង។

សូមបញ្ជាក់ថាជាញឹកញាប់សម្ដេចក្រឡាហោមស ខេង តែងតែណែនាំ និងបញ្ជាអោយអាជ្ញាធរ សមត្ថកិច្ចនៅព្រំដែនបិទច្រករបៀងអោយអស់ ព្រោះច្រករបៀងគឺជាកន្លែងនាំទំនិញគេចពន្ធ និងទំនិញល្មើសច្បាប់ចេញ និងចូល តែនៅស្រុកស្នួល ច្រករបៀងជាច្រើនត្រូវបាន​គេយកធ្វើជា ផ្លូវនាំឈើចេញទៅប្រទេសវៀតណាម​ដោយគ្មានខ្វល់បញ្ជារ​បស់ថ្នាក់ដឹកនាំឡើយ។

សូមទស្សនារូបភាពនៃសកម្មភាពដឹកឈើ​ប្រណីតតាមម៉ូតូ យកទៅលក់នៅ​ប្រទេសវៀតណាម និងរូបភាពឈើប្រណីតនាំ​ចូលពីកម្ពុជាស្តុកទុកនៅក្នុងឃ្លាំងគយ របស់ប្រទេសវៀតណាម ​នៅខាងមាត់ច្រកព្រំដែនហ័រលឺ ឈម​នឹងច្រកព្រំដែនអន្តរជាតិត្រពាំង​ស្រែ​ខាង​កម្ពុជា៖

សកម្មភាពប្រជាពលរដ្ឋសុីឈ្នួលដឹកឈើប្រណីតអោយឈ្មួញនៅផ្លូវត្រពាំងស្រែ

គល់ឈើធ្នង់ទម្ងន់រាប់រយគីឡូត្រូវបានគេដឹកតាមម៉ូតូជញ្ជូនដូចកណ្ដៀនាំចេញតាមច្រករបៀងដេ៣ ដេ៤

ទីតាំងនគរបាលវរៈការពារព្រំដែនលេខ៦១៩ មានសមត្ថកិច្ចឯកសណ្ដានពីរបីនាក់អង្គុយយកលុយពីម៉ូតូដឹកឈើប្រណីតទាំងយប់ទាំងថ្ងៃ

ប៉ុស្ដិ៍យោធានៅជាប់អង្គភាពកងអនុសេនាធំលេខ១ អង្គុយត្រួតពិនិត្យម៉ូតូដឹកឈើចូលតាមផ្លូវដីក្រហម​យកទៅដាក់នៅលើដីចំការកៅស៊ូ​ដើម្បីនាំចេញ ដោយផ្លូវដីក្រហមនេះគេដាក់បារ៉ាស់​មិនអោយអ្នក​មិនស្គាល់​ចូលទេ

បារ៉ាស់ត្រូវបានគេដាក់ត្រួតពិនិត្យមិនអោយមនុស្សចេញ ចូលផ្ដេសផ្ដាស់នោះឡើយ ក្រៅពីម៉ូតូដឹកឈើ