(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានស្នើឲ្យអាជ្ញាធរខេត្តមន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ត្រូវសហការគ្នា ធ្វើនាពេលខាងមុខនេះ ដើម្បីជួយ ដល់តំបន់ ដែលប៉ះពាល់ ជាពិសេស ស្ថានភាពបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។លោក ហ៊ុន ម៉ានី បានអះអាងបែបនេះ ខណៈលោក បានចូលរួមនៅក្នុងកិច្ចប្រជុំ ជាមួយ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ប្រធានមន្ទីរ/អង្គភាពនិងកងកំលាំងពាក់ព័ន្ធជុំវិញខេត្តទាំងអស់ដើម្បីស្តាប់របាយការណ៍វាយតម្លៃពីស្ថានភាពប៉ះពាល់ជាក់ស្តែង ពីអាជ្ញាធរដែនដីបន្ទាប់ពី ស្ថានភាពទឹក បានចាប់ផ្តើមស្រកចុះ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង បន្ទាប់ពីឯលោក ហ៊ុន ម៉ានី បានចុះទៅតាមដានមើលដោយផ្ទាល់ដល់កន្លែង ដែលបានប៉ះពាល់ដោយទឹកជំនន់កាលពីពេលថ្មីៗ នេះនៅតាមបណ្តាស្រុកនានា ក្នុង ខេត្តកំពង់ស្ពឺ។
ក្នុងពេលនោះផងដែរ អង្គប្រជុំ បានស្នើអោយមន្ទីរជំនាញទ្បើងរាយកាណ៍ពីចំណាត់ការនិងវិធានការណ៍បន្ទាន់ ដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសុខាភិបាល អំពីវិធានការណ៍ឆ្លើយតបនានាដែលមន្ទីរបានកំពុងធ្វើ និងគ្រោងធ្វើក្នុងពេលខាងមុខដើម្បីជួយស្តារដល់ការប៉ះពាល់នានាទាំងហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋ។
ការពិភាក្សានេះក៏មានការចូលរួមពីអង្គការWorld Vision អង្គការCARITAS និងអង្គការជីវិតថ្លៃថ្នូរ ក្នុងនោះលោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសារ:សំខាន់ដែលមន្ទីរ អង្គភាព និងភាគីពាក់ព័ន្ធនានា រួមទាំងអង្គការនិងសង្គមសិវិលផងត្រូវសហការគ្នានិងអាជ្ញាធរដែនដីក្នុងការធ្វើការដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ផងដែរ៕