ក្រុមការងារក្រៅប្រទេស នៃសមាគម អ.ម.ត ជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតអាហារូបករណ៍ អ.ម.ត សិក្សានៅចិន ក្នុងឱកាសវិស្សមកាល នៅមាតុភូមិ
03-02-2025 21:31
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស និងជាប្រធានក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៃសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួនប្រមាណ ១០០ រូប ដែលទើបត្រលប់មកមាតុភូមិក្នុងឱកាសវិស្សមកាលសិក្សា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ អ.ម.ត ចិន ប្រមាណ ៣០ រូប និងបានប្រព្រឹត្តទៅ នៅកោះស្លាកែតស្ទូឌីយោ ។
ថ្លែងក្នុងឱកាសនៃពីធីនេះ លោក ឡាវ វ៉ាន់ បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគម អ.ម.ត ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ដល់វត្តមានក្រុមការងារ និងនិស្សិតទាំងអស់ ដែលមានវត្តមានក្នុងអង្គពិធី។
លោកបានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព ដែលបានមកពីការដឹកនាំដ៍ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានផ្តល់ឱកាសឱ្យនិស្សិត បានរៀនសូត្រពេញលេញ នៅក្នុងប្រទេស និងមានលទ្ធភាពអាចបន្តការសិក្សានៅក្រៅប្រទេស ។
លោក បានបន្តផ្តាំផ្ញើដល់និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីទទួលបានជំនាញមួយយ៉ាងពិតប្រាកដ, មើលថែរក្សាសុខភាព, ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា និងបន្តរក្សាសាមគ្គីភាព, ជួយយកអាសាគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងជាមួយមិត្តភក្តិបរទេស ព្រមទាំងបន្តចូលរួមលើកស្ទួយវប្បធម៌ ទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ៕