(តាកែវ)៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ លោក​ គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោក វ៉ី​ សំណាង​ អភិបាលនៃគណ:អភិបាលខេត្តតាកែវ​ បានជួបសំណេះសំណាលជាមួយអាជីវករលក់ជី​ និងថ្នាំកសិកម្ម ចំនួន​ ២១១នាក់ ក្នុងខេត្តតាកែវ​ ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីពាក់ព័ន្ធ​។

លោក វ៉ី សំណាង​ បានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត​ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម​ និងការដោះស្រាយបញ្ហាប្រឈម​​នានាជូនប្រជាកសិករ ជាពិសេសការសម្រួលដល់ការ​លក់ស្រូវរបស់កសិករក្នុងរដូវប្រមូលផល​នាពេលនេះ។

លោក គង់​ ច័ន្ទវាសនា​ បានជម្រាបជូនបងប្អូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ និងក្រសួងកសិកម្ម​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និង​អំពី​កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ បង្កើនប្រាក់ចំណេញ​ និងលើក​កម្ពស់​ជីវភាព​ប្រជា​កសិករ​។

ទន្ទឹមនេះ​ លោកបានគូស​បញ្ជាក់ថា អាជីវករលក់ជី និងថ្នាំទាំងអស់គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរាជធានី/ខេត្ត​ ដើម្បីជួយដល់កសិករ​ និងបានលើកទឹកចិត្តឱ្យអាជីវករទាំងអស់ចូលរួមផ្សព្វផ្សាយអ្វីដែលផ្តល់ផលប្រយោជន៍ដល់កសិករ​ ជាពិសេស​ បច្ចេកទេសប្រើប្រាស់ជី​ និងថ្នាំកសិកម្ម​ដើម្បីជួយកាត់បន្ថយថ្លៃដើម​ផលិតរបស់កសិករ៕